ប្រធានចលនាយុវជនកម្ពុជា ក១៥៧ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់សឹករងកំពង់ធំដើម្បីការងារមនុស្សធម៌

ខេត្តកំពង់ធំ ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលការជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ពីលោកប៉ែន វណ្ណរិទ្ធ ប្រធានចលនាយុវជនកម្ពុជា ក១៥៧ ខេត្តកំពង់ធំ ដើម្បីបម្រើសម្រាប់សកម្មភាពវិស័យមនុស្សធម៌ បន្ទាប់ពីបានឃើញ សកម្មភាពយ៉ាងមមាញឹករបស់ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បម្រើប្រជាពលរដ្ឋ អតីតយុទ្ធជន ព្រះសង្ឃ ក្នុងកាលៈទេសៈ ការពារការឆ្លងរីករាលដាលមេរោគកូវីត19 ។
លោកប៉ែន វណ្ណរិទ្ធ និងមន្រ្តីក្រោមឳវាទ នាំយកអង្ករចំនួន ១តោនមីពីរកេសធំទឹកសុទ្ធវីតាល់20កេសផ្ដល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី 11 ខែឧសភាឆ្នាំ 2021 ដើម្បីគាំទ្រសកម្មភាពក្នុងវិស័យមនុស្សធម៌ ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងខេត្តកំពង់ធំ ដែលបានផុសចេញពី ទឹកចិត្តគោរពស្រឡាញ់ ក្នុងមនោសញ្ចេតនា រួមគ្នាជួយដោះស្រាយទុក្ខលំបាក របស់បងប្អូនអតីតយុទ្ធជន និងប្រជាជន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាបំផុត ចំពោះលោកប៉ែន វណ្ណរិទ្ធ និងលោកស្រី ព្រមទាំងមន្រ្តីចលនាយុវជនកម្ពុជា ក១៥៧ ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភ និងជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្ត នាំយកនូវគ្រឿងឧបភោគបរិភោគទាំងនេះ ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋនិងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត ព្រមទាំងព្រះសង្ឃ ដែលខ្វះខាតចង្ហាន់ នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងសូមជូនពរលោកប្រធានចលនាយុវជនក១៥៧ និងក្រុមគ្រួសារ ព្រមសហការីទាំងអស់សូមបានជួបប្រទះតែនិងពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ ដោយ ប៊ុន រដ្ឋា