ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៦គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

0

សៀមរាប៖ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ចំនួន ១៦គ្រួសារ (រលំ៣ខ្នង និងរបើកដំបូល១៣ខ្នង) នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពិធីសំណេះសំណាលនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តមបានសំដែងនូវការសោកស្ដាចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះ ជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយឯកឧត្តមបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏វាពិតជាអាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ស្របពេលដែលបងប្អូនមមាញឹកក្នុងពេលជួសជុលលំនៅដ្ឋានឡើងវិញ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល និង ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
ឯកឧត្តម ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំ ជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាម បទបញ្ជារបស់រាជរដ្ឋាភិបាល វិធាននានារបស់ក្រសួងសុខភិបាល។ ហើយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ ហេតុនេះក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធមម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានយកចិត្តទុក្ខជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ដោយអប់រំផ្សព្វផ្សាយជាហូរហែនៅក្នុងសហគមន៍ ព្រោះដូចយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជម្ងឺដ៏កាចសាហាវនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ ៣ការពារ និង៣កុំ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន
គ្រួសាររលំផ្ទះ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត៣ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ស័ង្កសី១៦សន្លឹក និងថវិកា២សែនរៀល គ្រួសាររបើកដំបូល មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត៣ អង្ករ៣០គីឡូក្រាម ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ស័ង្កសី១០សន្លឹក និងថវិកា៨ម៉ឺនរៀល ៕