ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺ covid-19 ៥នាក់ហើយ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល

រតនគិរី : ឯកឧត្តមអភិបាលរងខេត្តរតនគិរីមានប្រសាសន៍ក្រើនរំឭកថា យើងអាចភ្លេចជំងឺកូវីដ១៩បាន ប៉ុន្តែជំងឺកូវីដ១៩មិនអាចបំភ្លេចយើងបានទេ។

ការថ្លែងបែបនេះឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចព្រំប្រទល់ខេត្តរតនគិរី និងស្ទឹងត្រែង ដែលជាកន្លែងឈរជើងរបស់កម្លាំងចម្រុះរបស់ខេត្តដើម្បីត្រួតពិនិត្យការឆ្លងកាត់ឲ្យកាន់តែខ្ពស់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលមកក្នុងទឹកដីខេត្តរតនគិរី។

ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកឲ្យចរាចរណ៍រវាងខេត្តនិងខេត្តថ្ងៃទី២៥ មេសាឆ្នាំ២០២១ កន្លងទៅនេះ សម្រាប់ខេត្តរតនគិរី គឺគោរពតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ ប៉ុន្តែចំពោះព្រំប្រទល់ខេត្តនិងខេត្តរដ្ឋបាលសាលាខេត្តបានរៀបចំកម្លាំងឈរជើងដើម្បីបង្កើនការប្រុងប្រយ័ត្នអ្នកដែលមកពីតំបន់បិទខ្ទប់ ឬតំបន់ក្រហម និងតំបន់ផ្ទុះជំងឺមួយចំនួនទៀតនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ដែរ ឯកឧត្តមអភិបាលរងខេត្ត សូមអំពាវនាវឲ្យពលរដ្ឋត្រូវរួមគ្នា ប្រកាន់ខ្ជាប់នូវវិធានសុវត្ថិភាព របស់ ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាព។

សូមជម្រាបថា ជាកិច្ចប្រឹងប្រែង និងប្រុងប្រយ័ត្នខ្ពស់ទើបកម្លាំងចម្រុះ ព្រមទាំងក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តរតនគិរី ដែលឈរជើងនៅចំណុចក្បាលស្ពានស្រែពក ប្រើឧបករណ៍តេស្តរហ័ស រកឃើញបុគ្គលដែលមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់មកហើយក្នុងចំណោមអ្នកជំងឺ៥នាក់។ដែលម្នាក់ទៀតត្រូវបានរកឃើញនៅស្រុកអូរយ៉ាដាវ នៃខេត្តរតនគិរី៕ដោយ គតិ យុត្