Biden expands Trump’s list of Chinese companies banned from US investment

ប្រធានាធិបតីអាមេរិក លោកចូបៃដិន បានបញ្ចូលឈ្មោះក្រុមហ៊ុនចិនមួយចំនួនទៀត ដាក់ក្នុងបញ្ជឹហាមឃាត់ បន្ថែមពីលើបញ្ជីរបស់អតីតរដ្ឋបាលដូណាល់ត្រាំ ដោយជឿថា ក្រុមហ៊ុនចិនទាំងនោះមានទំនាក់ទំនងជាមួយនឹងក្រុមយោធារបស់ចិន។ យោងតាមស៊ីអិនអិន បទបញ្ជាចុះហត្ថលេខារបស់លោកចូបៃដិន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលរួមមានសារុបក្រុមហ៊ុនចិនចំនួន៥៩ នោះ នឹងត្រូវចាប់ផ្តើមមានសុពលភាពនៅថ្ងៃទី២សីហា។ បញ្ជីហាមឃាត់ចុះហត្ថលេខា ដោយអតីតរដ្ឋបាលដូណាល់ត្រាំ បានដាក់ ឈ្មោះក្រុមហ៊ុន ដែលត្រូវរារាំងនោះ មានចំនួនតែ៣១ក្រុមហ៊ុនទេ ក្រោមការចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះ ជួយជម្រុញការអភិវឌ្ឍន៍ និងធ្វើទំនើបកម្មយោធាចិន និងគម្រាមកំហែងសន្តិសុខអាមេរិកដោយផ្ទាល់។ ចំណែកបទបញ្ជាចុះហត្ថលេខា របស់លោក ចូបៃដិន ដោយបន្ថែមឈ្មោះក្រុមហ៊ុនដទៃ រួមមានសារុប៥៩ក្រុមហ៊ុននោះ បានរារាំងមិនឲ្យមានក្រុមហ៊ុនអាមេរិក ធ្វើការប្រាស្រ័យរកស៊ីពាក់ព័ន្ធជាមួយនោះឡើយ។ សេចក្តីរាយការណ៍បង្ហាញថាក្រុមហ៊ុនចិនមួយចំនួនដែលរងការប៉ះពាល់ក្រោមការចុះហត្ថលេខា របស់អតីតរដ្ឋបាលដូណាល់ត្រាំនោះ រួមមាន ដូចជាក្រុមហ៊ុន Huawei និង Hikvision ដែលជាក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់សំខាន់ផ្នែកឧបករណ៍នៃឧបករណ៍តាមដានវីដេអូ។ ក្រុមហ៊ុនធំដទៃ ទៀតដូចជាក្រុមហ៊ុន China Mobile, China Telecommunications និងក្រុមហ៊ុន China Unicom នោះជាដើម។ ប្រទេសចិនកាលពីថ្ងៃសុក្រកន្លងមកនេះ បានថ្កោលទោសចំពោះសកម្មភាពរបស់អាមេរិក ដែលបានដាក់ការគាបសង្កត់មកលើក្រុមហ៊ុនរបស់ចិន ទាំងនោះ។ មន្ត្រីក្រសួងការបរទេសចិន លោក Wang Wenben បានថ្លែងថា ចិន ប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះទង្វើរបស់រដ្ឋាភិបាលវ៉ាស្ហ៊ីនតោន ដែលសកម្មភាពនោះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់សិទ្ធិស្របច្បាប់ និងផលប្រយោជន៍ការរកស៊ីរបស់ក្រុមហ៊ុនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប៉ះពាល់ដល់អ្នកវិនិ យោគសកលលោករួមទាំងក្រុមអ្នកបណ្តាក់ទុនអាមេរិកនោះផងដែរ៕