ប៉ាខឹម(ត្រីប្រៃ)ជាមុខម្ហូបបែបឡាវរបស់អ្នកខេត្តស្ទឹងត្រែងភាគឦសានប្រទេស

ខេត្តស្ទឹងត្រែង៖មុខម្ហូបឈ្មោះ (ប៉ាខឹម) ជាភាសាឡាវ បកប្រែជាភាសាខ្មែរ (ត្រី ប្រៃ) ដែលអ្នកខេត្តស្ទឹងត្រែងបានចាត់ទុកថាជាមុខម្ហូបដ៏វិសេសវិសាល មួយដែលនិយមចូលចិត្តទទួលទាននារដូវភ្លៀងធ្លាក់នេះ ។ 

ប៉ាខឹម (ត្រីប្រៃ) គឺគេតែងបានចាប់ផ្តើមធ្វើនៅក្នុងខែឧសភា និង មិថុនា ចំពេលដែលជារដូវត្រីមានពង ហើយត្រីដែលគេយកមកធ្វើប៉ាខឹមនោះ គឺប្រភេទត្រីរៀលដែលនៅសាច់ស្រស់ៗល្អ ។ របៀបធ្វើប៉ាខឹម (ត្រីប្រៃ) ដំបូងគេយកត្រីមកប្រឡាក់ជាមួយអំបិលច្របល់ចូលគ្នាឲ្យសព្វ ជាមួយនិងរំដេងដែលគេដំឲ្យទក់ ដើម្បីកាត់ខ្លិនឆ្អាប ។ បន្ទាប់មកគេយកទៅដាក់ក្នុងពាង ទុកឲ្យបានរយៈពេល១៥ថ្ងៃ ទើបយកស្រូវដែលគេលីងឲ្យឆ្អិនតិចៗ យកមកច្របល់ចូលគ្នាម្តងទៀតលុះបានរយះពេល១៥ថ្ងៃ ទៅ៣០ថ្ងៃក្រោយមកទៀត ទើបគេអាចយកមកបរិភោគបាន តាមចំណង់ចំណូលចិត្តអ្នកដែលចង់លាយគ្រឿង ។

សូមបញ្ជាក់ថាៈមុខម្ហូបប្រភេទនេះ គឺមានតែអ្នកខេត្តស្ទឹងត្រែងប៉ុណ្ណោះ ដែលមានជាប់ខ្សែសឡាយកាត់ឡាវ ដែលនិយមចូលចិត្តធ្វើ ឬបរិភោគប៉ាខឹម ឬត្រីប្រៃនេះ ។ ហើយ (ប៉ាខឹម) ជាភាសាឡាវបកប្រែមកជាភាសាខ្មែរ មានន័យថា (ត្រីប្រៃ) ។ រីឯតម្លៃវិញនោះ គេអាចលក់បានក្នុង១គីឡូ ពី២ម៉ឺនទៅ៣ម៉ឺនរៀល នៅលើទីផ្សារនៃខេត្តស្ទឹងត្រែង ភាគឦសានប្រទេសកម្ពុជា ៕