ស្ថាបនិកសមាគមសពគ្រីស្ទានគ្រោងនឹងប្តឹងចំពោះអ្នកដែលឃុបឃិតគ្នាឈូសឆាយដីផ្នូរខ្មោចធ្វើជាដីឡូត៍សម្រាប់លក់

0

សៀមរាប៖ ស្ថាបនិករបស់សមាគមសពគ្រីស្ទាន និង ជាប្រធានសមាគមគ្រូគង្វាលប្រចាំខេត្តសៀមរាប គ្រោងដាក់ពាក្យប្តឹងទៅតុលាការលើជនពាក់ពន្ធ័ ដែលឃុបឃិតគ្នាឈូសឆាយដីផ្នូរខ្មោច (ដីកប់ខ្មោច) ធ្វើជាដីឡូត៍សម្រាប់លក់ឲ្យអតិថិជន។ ដីផ្នូខ្មោចឬកប់ខ្មោចសពគ្រីស្ទាន ដែលត្រូវបានគេឈូសឆាយហើយបានបោះបង្គោលធ្វើជាដីឡូត៍សម្រាប់លក់ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។
លោក ប្រាក់ វុទ្ធី ស្ថាបនិករបស់សមាគមសពគ្រីស្ទាន និងជាប្រធានសមាគមគ្រូគង្វាល បានបាតឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយ;ទូរស័ព្ទថា លោកនឹងដាក់ពាក្យប្តឹងទៅតុលាការចំពោះអ្នកដែលបានឃុបឃិតគ្នាឈូសឆាយដីផ្នូរខ្មោចនេះ យកធ្វើជាដីពុះឡូត៍សម្រាប់លក់។ ដីនេះមានទំហ៊ុ ៥០ម៉ែត្រគុណ១០០ម៉ែត្រ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ កាលពីអំឡុងឆ្នាំ២០០៤ អង្គការវិហារមេថីឌីសកម្ពុជា បានប្រគល់អោយសមាគមសពគ្រីស្ទាន ទុកសម្រាប់កប់សព។ ប៉ុន្តែឥឡូវនេះ បុគ្គលមួយចំនួនដែលឃុបឃិតគ្នារំលោភបំពានយកដីនេះធ្វើជាកម្មសិទ្ធិ ឬពុះជាឡូត៏ៗ សម្រាប់លក់នោះត្រូវតែទទួលទោសតាមផ្លូវច្បាប់ជាដាច់ខាត។ លោក បន្តថា ក្នុងពេលនេះ ខាងលោកមិនបានដឹងថា មានជនឃុបឃិតគ្នាទៅឈូសឆាយផ្នូខ្មោចដើម្បីយកដីពុះចែកគ្នាលក់នោះទេ។ តែបើមានបែបនេះមែន លោកនឹងរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងលើជនដែលជាប់ពាក់ពន្ធ័ទៅតាមផ្លូវច្បាប់ហើយ។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានថ្លែងថា ករណីនេះ លោកនៅមិនទាន់ដឹងច្បាស់ដែរទេ តែអាចសួរទៅលោក ឃុត សុខន ដែលជាថៅកែដីឡូត៍នោះទើបដឹងច្បាស់។ ជាមួយគ្នានេះដែរ លោក ឃុន សុខន ថៅកែដីឡូត៍ ក្នុងតំបន់សៀមរាប បានលើកឡើងថា ដីខាងលើនេះ រូបលោកបានត្រៀមទិញមែន តែមិនទាន់ទិញទេ គ្រាន់តែកក់សំដីប៉ុណ្ណោះ ព្រោះរងចាំឲ្យអ្នកលក់រត់ច្បាប់បានសិន ទើបលោកសម្រេចចិត្តទិញ។ ចំណែកការឈូសឆាយចាក់ដីនោះ ក៍មិនមែនរូបលោកដែរ។ គឺទាក់ទងសួរទៅលោក ចាន់ ឆ្វៀល ព្រោះគាត់ជាម្ចាស់ដី។ ដោយឡែក លោក ចាន់ ឆ្វៀល យើងមិនទាន់អាចទំនាក់ទំនង ដើម្បីជួបសុំការពន្យល់ពីលោក ដែលអះអាងថាជាម្ចាស់ដីនេះនៅឡើយទេ។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់តាមទូរសព្ទ័ថា រាល់ការឈូសឆាយពុះជាដីឡូត៍ត្រូវមានលិខិតកាន់កាប់ដី និង ច្បាប់អនុញាតិត្រឹមត្រូវជាមុនសិនទើបអនុញាតឲ្យធ្វើបាន បើមិនដូច្នោះទេ គឺខុសច្បាប់ទាំងស្រុងហើយ។ តែបើដីខាងលើនៅជាប់ពាក់ពន្ធ័និងសមាគម ខាងសមាគមអាចមកដាក់ ពាក្យនៅសាលាក្រុងបាន។ លោក បន្តទៀតថា ថ្វីត្បិតអាជ្ញាធរក្រុងមិនទាន់បានចុះទៅពិនិត្យទីតាំងដីនោះ ក៏ពិតមែន តែបើពិនិត្យឃើញថាដីនោះ វាស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរបឹងទន្លេសាប ខាងសាលាក្រុងយើងមិនអនុញាតិច្បាប់ឡើយ។ បើទោះជាយ៉ាងណាក្តី លោក ប្រាក់ វុទ្ធី នៅតែបញ្ជាក់ជំហ៊ររបស់ខ្លួនថា នឹងរៀបចំឯកសារដាក់ពាក្យប្តឹងទៅតុលាការ ព្រមទាំងធ្វើសន្និសិទកាសែតផងដែរ នៅលើដីផ្នូខ្មោចតែម្តង ដើម្បីឲ្យដឹងថា មានបុគ្គលណាខ្លះជាប់ពាក់ពន្ធ័ហើយចេញមកតតាំងនោះ៕