ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ឯកឧត្ដមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងប្រតិភូ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ (ឈមនឹងច្រកព្រំដែនអន្តរជាតិបានណងអៀន ខេត្តស្រះកែវ ប្រទេសថៃ) ។

    គោលបំណងនៃការចុះពិនិត្យដើម្បីធ្វើយ៉ាងណាឱ្យបានសម្រេចតាមផែនការគ្រោងទុក និងជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ កាន់តែមានភាពងាយស្រួល ដែលជាសរសៃឈាម រួមចំណែកលើកស្ទួយដល់កំណើនសេដ្ឋកិច្ចដល់កម្ពុជាយើងផងដែរ ។ក៏ដូចជាឈានទៅបើកដំណើរការច្រកទ្វារព្រំដែនសេដ្ឋកិច្ច ពាណិជ្ជកម្មថ្មីនេះអោយបានកាន់តែឆាប់ ។

     សូមបញ្ជាក់ថា ប្រតិភូនេះ  ក៏មានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធផងដែរ ក្នុងនោះក៏តំណាងស្ថានទូតថៃ  ស្ថានទូតជប៉ុន  ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA) ទីភ្នាក់ងារកិច្ចប្រតិបត្តិការអន្តរជាតិថៃ  មូលនិធីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងថៃ ក្រុមហ៊ុនសាងសង់និងទីប្រឹក្សាបច្ចេកទេសផងដែរ ។

      ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន នៅខេត្តបន្ទាយមានជ័យ ។

     សូមបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិស្ទឹងបត់ -ណងអៀនជាច្រកព្រំដែនសេដ្ឋកិច្ចថ្មីមួយសម្រាប់ការដឹកជញ្ជូនផ្លូវគោកធុនធ្ងន់រវាងប្រទេសកម្ពុជា និងថៃ ។

     ឯស្ពានឆ្លងកាត់អូរជ្រៅដែលភ្ជាប់ច្រកព្រំដែននេះ បានសាងសង់រួចរាល់ ហើយត្រូវបានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានអញ្ជើញចាក់បេតុងភ្ជាប់តំណស្ពានរួចហើយកាលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៩ ។

   ចំពោះគម្រោងបង្កើតនិងបើកដំណើរការច្រកព្រំដែនអន្តរជាតិស្ទឹងបត់ -ណងអៀន ដែលជាច្រកសេដ្ឋកិច្ច ពាណិជ្ជកម្មនិងដឹកជញ្ជូនផ្លូវគោកនេះគឺជាផ្តួចផ្តើមដោយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ថៃនៃកិច្ចប្រជុំប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ចមេគង្គ-អីុរ៉ាវ៉ាឌី(MICE) ។

    ទាក់ទិននឹងច្រកព្រំដែនអន្តរជាតិស្ទឹងបត់នេះដែ  ខាងភាគីកម្ពុជាក៏បានបង្កើតអង្គភាពដែលមានសមត្ថកិច្ចនានាត្រួតពិនិត្យការឆ្លងកាត់ព្រំដែន ។

    សូមរំលឹកដែរថា កាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១ មន្ត្រីអាជ្ញាធរ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នគរបាលប៉ុស្តិ៍ច្រកទ្វារ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯកឆោម ភ័ព្វ នាយបុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ស្តីពីការចុះពិនិត្យគម្រោងសាងសង់អគារស្នាក់នៅបណ្តោះអាសន្នរបស់មន្រ្តីអន្តោប្រវេសន៍ នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ៕ដោយ៖ឃិន គន្ធា