លោកជំទាវ​ ប៉ាង​ ដានី​ នាំយកអំណោយ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមបុណ្យសព ស្រ្តីមេម៉ាយ ដែលបានស្លាប់ក្នុងករណីអគ្គីភ័យ នៅស្រុកចំការលើ

កំពង់ចាម​:​ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា​កាកបាទក្រហម​ខេត្ត​ បាននាំយកអំណោយ​ជា​សម្ភារ​ និង​ថវិកា​ របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា​ ចូលរួមបុណ្យសព ស្ត្រីមេម៉ាយ ឈ្មោះ អឿន រដ្ឋា អាយុ ៣០ឆ្នាំ ដែលបានស្លាប់ក្នុង​ករណីអគ្គីភ័យ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម​ បន្សល់​ទុក​នៅ​កូនស្រីម្នាក់ អាយុ ៨ឆ្នាំ​ ឲ្យ​នៅ​កំព្រា​ផងដែរ​ ។ 

         លោកជំទាវ ក៏បានពាំនាំប្រសាសន៍ ឯកឧត្តម អ៊ុន ចាន់ដា ជាពិសេស​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ ក្នុងក្តីអាណិតអាសូរ និង ការសោកស្តាយក្រៃលែង ចំពោះការបាត់បង់ កូន ចៅ និងម្តាយ ជាទីស្រឡាញ់ នេះ ។  លោកជំទាវ បានបញ្ជាក់ថា ជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែង មិនប្រកាន់និន្នាការនយោបាយ ប្រកាន់ពូជសាសន៍ ឬ សាសនា អ្វីឡើយ។ 

       លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា បានផ្តាំផ្ផ្ញើ លោក ជឹម រឺន ជាជីតាបង្កើត អោយជួយមើលថែ ចៅស្រីកំព្រាកំសត់ម្នាក់នេះ អោយរស់នៅបានកក៎ក្តៅ ជួយផ្ចុងផ្តើមចៅស្រីបានសិក្សារៀនសូត្រជ្រៅជ្រះ ក្លាយជាពលរដ្ឋ មានអនាគតល្អ ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។ ជាមួយនោះ លោកជំទាវ អំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩  ដោយត្រូវ ថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ជាប្រចាំ  ពិសេស ចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន  វិធានសុខាភិបាល ” ៣ការពារ ៣កុំ និង ២ចូលរួម ” ដើម្បីជៀសកុំអោយជម្ងឺដ៏កាចសាហាវនេះ វាយលុកឆ្លងចូលសហគមន៍ និងគ្រួសារយើង បាន។

       សម្ភារ ដែលបានចូលរួមបុណ្យសព មាន ៖ អង្ករ ១០០គក្រ, មី ៥កេស,  ត្រីខ ៥យួរ , ទឹកក្រូច ៥កេស និងថវិកា ចំនួន ៥,០០០,០០០រៀល ។

ដោយឡែក សាលាគណស្រុកនិង អនុសាខា ស្រុកចំការលើ  ក៏បានផ្តល់ជូន អង្ករ ២២០គក្រ , មី ៤កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកសុទ្ធ ២០យួរ ,ឃីត ៧ ,សម្ភារៈផ្ទះបាយ និងថវិកា ចំនួន ២,០០០,០០០រៀល ផងដែរ។ 

គួរ​រំលឹក​ថា​ ករណី​គ្រោះអគ្គីភ័យ​នេះ​បានកើតមានឡើង  កាលពី​វេលាម៉ោង​៦​ ព្រលប់​ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខណៈ​ស្ត្រី​រងគ្រោះ​ អឿន រដ្ឋា កំពុងបង្ហូរសាំងដាក់ស៊ីទែនក្នុងដី ស្រាប់តែ ចរន្តអគ្គិសនីបានឆ្លងពីដំបូល ជះអណ្តាតភ្លើង ឆាបឆេះស្ថានីយ៍ប្រេង ភ្លាមៗ ហើយឆេះរាលដល់ផ្ទះ ៣ខ្នង ក្បែរនោះ  ទំហំ ៧ម × ៩ម ធ្វើពីឈើលើ ថ្មខាងក្រោម។ 

ក្រោយពេល​ជំលៀស​ជីដូន​ជរា​ម្នាក់​ចេញក្រៅរួចហើយ ស្ត្រី​រងគ្រោះ​ក៏ស្ទុះចូលទៅក្នុងផ្ទះម្តងទៀត ដើម្បីប្រមូលយកលុយនៅក្នុងទូ តែជាអកុសល ភ្លើងបានឆេះពេញបន្ទុក មិនអាចចេញក្រៅមករួច ក្មួយស្រី ក៏បានស្លាប់យ៉ាងអណោចអធ័មបំផុត  បន្សល់ទុកកូនស្រីអោយនៅកំព្រាម្នាក់ឯង ។

       ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី  បានសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះឧបទ្ទវហេតុដែលកើតឡើងស្មានមិនដល់នេះ ធ្វើអោយបាត់បង់​អាយុជីវិត​មនុស្ស​ និងលំនៅដ្ឋាន ព្រមទាំងទ្រព្យសម្បត្តិ លុយកាក់គ្មានសល់​ ៕