ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ១០នាក់បន្ថែមទៀត នៅក្នុងស្រុកជាំក្សាន្ត

រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់បន្ថែមទៀត នៅឃុំស្រអែម ស្រុកជាំក្សាន្ត។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១០នាក់ គឺបានរកឃើញនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ គឺជាប្រជាពលរដ្ឋនិងអាជីវកនៅផ្សារស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដែលមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ឈ្មោះ រិន មុំ។
គិតត្រឹមថ្ងៃទី១ ខែកក្កដាឆ្នាំ២០២១នេះ ខេត្តព្រះវិហារ មានអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១០៤នាក់ ជាសះស្បើយចំនួន ៤៤នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៦០នាក់៕