ទៅរាវខ្ចៅ២នាក់ម្តាយកូន អកុសលលង់ទឹកស្លាប់ទាំង២នាក់

ខេត្តកំពង់ធំ៖ គួរឲ្យសង្វេកណាស់ស្ត្រីម្នាក់ និងកូន លង់ទឹកស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម ខណៈនាំគ្នាទៅរាវខ្ចៅ ។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣:១៥នាទី នៅចំណុចអូរបាក់ទូក ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា អូន ភេទស្រី អាយុ ៤៧ឆ្នាំ និងឈ្មោះ ផេង សុខនាថ ភេទ ស្រី អាយុ០៨ឆ្នាំ ជាកូនបង្កើត រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាមូលហេតុដែលបណ្តាលឲ្យលង់ទឹកនេះ ជនរងគ្រោះទាំងពីរនាក់ចុះរាវខ្ចៅក្នុងស្ទឹង ពេលកូនលង់ទឹកម្តាយទៅជួយក៏លង់ស្លាប់ទាំងពីរនាក់តែម្តង។

បច្ចប្បន្នសពម្តាយនិងកូនត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕