តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង សង្ស័យកំពុងរងនូវការកាប់បំផ្លាញព្រៃឈើយ៉ាងងរង្គាល ពីឈ្មួញមួយក្រុមតូច តែអាជ្ញាធរមានសត្ថកិច្ចនៅក្នុងមូលដ្ឋាន បែរជាឆ្លើយថាមិនដឹងទៅវិញ !

0

ខេត្តព្រះវិហារ៖ សកម្មភាពកាប់ និងដឹកជញ្ជូនឈើគ្រប់ប្រភេទ តាមរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ចេញពីតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ត្រូវគេដឹងថា បានកើតឡើងស្ទើរជារៀងរាល់យប់ថ្ងៃ ប៉ុន្តែ អាជ្ញាធរ និងសមត្ថកិច្ច ដែលមានតួនាទីក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បែរជាឆ្លើយថាមិនដឹង សង្ស័យជាលេស បណ្តោយទុកឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ ទទួលយកប្រាក់សំណូកដាក់ចូលក្នុងហោប៉ៅ បើទោះបីដឹងថា ព្រៃឈើកំពុងរងការបាត់បង់ក៏ដោយចុះ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុង៧កក្កដា២០២១ កន្លងមកថ្មីៗនេះ គេបានឃើញរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ដូចជា រថយន្តម៉ាកធុនត្រា ម៉ាកស៊ីណាម៉ាស្តា និងរថយន្តហ្វដ ពណ៌ត្រេអ៊ី បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ភ្នំត្បែង ដែលទើបត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិនោះ បើកបរលើដងផ្លូវ ដោយឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលសង់ប្របនឹងដងផ្លូវនោះ ឆ្ពោះទៅកាន់ព្រំប្រទល់ខេត្តព្រះវិហារ និងបន្តឆ្លងចូលទៅក្នុងដែនដីរដ្ឋបាលខេត្តកំពង់ធំ បានយ៉ាងរលូន។ ឈើដែលក្រុមឈ្មួញដឹកចេញពីតំបន់បេតិកភណ្ឌភ្នំត្បែងនោះ ស្ថិតនៅក្នុងភូមិសុច និងភូមិតាសែង ឃុំ រណ:សិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា សកម្មភាពដែលក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញពីតំបន់បេតិកភណ្ឌធម្មជាតិ ស្ថិតក្នុងស្រុកសង្គមថ្មី គឺបានកើតឡើងតាំងពីយូរណាស់មកហើយ ដោយក្រុមឈ្មួញបានបោះលុយទៅឲ្យប្រជាលរដ្ឋ ចូលព្រៃកាប់ និងដឹកជញ្ជូនឈើ យកមកលក់ឲ្យក្រុមខ្លួនក្នុងតម្លៃទាប តែគេដឹកយកទៅលក់នៅក្រៅរង្វង់ដែនដីខេត្តព្រះវិហារ ក្នុងតម្លៃខ្ពស់តាមរយៈស៊េរីទំនើបៗតូចធំ មិនតិចជាងនោះទេ ៩គ្រឿង ក្នុង១ថ្ងៃៗ។
ជុំវិញមហន្តរាយព្រៃឈើនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនោះ អ្នកសារព័ត៌មាន មិនអាចភ្ជាប់ការទំនាក់ទំនងសុំការពន្យល់ពីលោក មឿង សំផុន នាយកបេតិកភណ្ឌធម្មជាតិភ្នំត្បែង បាននោះទេ កាលពីរសៀលថ្ងៃ៨កក្កដាម្សិលមិញ។ ចំណែក លោក មាស ញឹម នាយកព្រៃឡង់ភ្នំត្នោត-ភ្នំពក បានប្រាប់អ្នកសារព័ត៌មានថា លោកមិនដឹងពីសកម្មភាពដឹកឈើរបស់ មេឈ្មួញទាំងនោះទេ ព្រោះលោកជាប់មមាញឹកនឹងការងារច្រើន។
ដោយឡែក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុងច័ន្ទ សុជាតិ បានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើ និងជំនួញឈើខាងលើ លោកមិនទាន់បានដឹងនៅឡើយទេ ប៉ុន្តែ លោកនឹងទៅសួរនាំកូន-ចៅ នៅថ្នាក់ក្រោមសិន។
អភិបាលស្រុក និងជាប្រធានគណៈមេបញ្ជាការឯកភាព រដ្ឋបាលស្រុកសង្គមថ្មី លោក ជុំ ពុយ បានបញ្ជាក់ថា ការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅភ្នំត្បែងនោះ គឺលោកមិនទាន់បានដឹងនៅឡើយទេ។ តែលោកក៏អរគុណ ចំពោះបងប្អូនអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានជូនលោក។
ជុំវិញ សកម្មភាពដឹកជញ្ជូនធ្វើជំនួញ ពីសំណាក់ឈ្មួញមួយក្រុមតូចនោះ គេមិនដឹងថា តើអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដឹងដែរឬយ៉ាងណា? ព្រោះនៅពេលដែលលោក បានប្រកាសចូលកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោកធ្លាប់សន្យាថា នឹងទប់ស្កាត់ និងបង្ក្រាបគ្រប់សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ មានរ៉ែគ្រប់ប្រភេទ ធនធានព្រៃឈើ និងជីវចម្រុះ មិនឲ្យកើតមាននៅលើដែនដីរដ្ឋបាលខេត្តព្រះវិហារ ជាដាច់ខាត។ គេសង្ឃឹមថា ក្រោយទទួលដំណឹងពីសកម្មភាពកាប់ និងដឹកជញ្ជូនឈើធ្វើជំនួញ យ៉ាងអនាធិបតេយ្យ ពីឈ្មួញឈើមួយក្រុម ដែលកំពុងនឹងផ្គើនទៅនឹងបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាជ្ញាធរខេត្តព្រះវិហារ នឹងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបក្រុមឈ្មួញដឹកឈើទាំងនោះ រឹបអូសវត្ថុតាងបទល្មើស និងឃាត់ខ្លួនជនសង្ស័យ ដែលកំពុងប្រព្រឹត្តសកម្មភាពកាប់ឈើយ៉ាងរង្គាល នៅលើដែនដីរដ្ឋបាលស្រុកសង្គមថ្មីនោះ នាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ជាក់ជាពុំខានឡើយ៕