ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត គម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន និង វិទ្យាស្ថានអប់រំសាំងហ្គាពួរ (ហៅកាត់ថា SHINE ) ព្រមទាំងសាកលវីទ្យាល័យអង្គរ ផ្តល់ទឹកបរិសុទ្ធចំនួន៥០០យូរ និងអាកុល ២កានព្រមទាំងថវិកាដល់ទីតាំងចាក់វ៉ាក់សាំង ក្នុងស្រុកអង្គរធំ

0

សៀមរាប: ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាកជាមួយនឹងប្រមុខរាជរដ្ឋាភិបាល និងដើម្បីចូលរួមសម្រួលដល់រដ្ឋបាលស្រុកអង្គរធំ ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ កន្លងទៅនេះ លោក សុខ តុញ តំណាង ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត គម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន និង វិទ្យាស្ថានអប់រំសាំងហ្គាពួរ (ហៅកាត់ថា SHINE ) ព្រមទាំងសាកលវីទ្យាល័យអង្គរបាននាំយកទឹកបរិសុទ្ធចំនួន៥០០យួរនិងអាកុលចំនួន២កានព្រមទាំងថវិកាចំនួន៦០០.០០០រៀលមកប្រគល់ជូនដល់ក្រុមការងាររដ្ឋបាលស្រុកអង្គរធំ ដែលប្រចាំការក្នុងទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋនៅក្នុងវិទ្យាល័យ តេជោ ហ៊ុនសែនអង្គរធំ ក្នុងឃុំជប់តាត្រាវ ដើម្បីទុកប្រើប្រាស់ និងតាមតម្រូវការចាំបាច់ នារសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់លោក ឡុង រដ្ឋារក្ស អភិបាលនៃគណៈអភិបាលស្រុកអង្គរធំ។ លោកសុខតុញ បានមានប្រសាសន៍ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបាននឹងកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះបងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប និងនៅតាមបណ្តាក្រុង ស្រុក មួយចំនួនក៏បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជំងឺដ៏កាចសាហាវនេះដែរ ។ លោកក៍បានមានប្រសាសន៍បន្ថែមទៀតថា អំណោយរបស់ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត គម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន និង វិទ្យាស្ថានអប់រំសាំងហ្គាពួរ (ហៅកាត់ថា SHINE ) ព្រមទាំងសាកលវីទ្យាល័យអង្គរដែលបានយកមកផ្តល់ ជូនដល់រដ្ឋបាលស្រុកអង្គរធំសម្រាប់ប្រើប្រាស់ ក្នុងទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ នាពេលនេះ គឺកើតចេញឡើងពីទឹកចិត្តដ៏សប្បុរសរបស់ក្រុមហ៊ុនលោក រួមជាមួយសប្បុរសជន ដែលគឺជាសិល្ប: នៃការចែករំលែកក្នុងគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងជំងឺដ-១៩ នៅតាមមូលដ្ឋានផងដែរ។ លោក ឡុង រដ្ឋារក្ស អភិបាលនៃគណៈអភិបាលស្រុកអង្គរធំ បានមានប្រសាសន៍ថា កាយវិការមនុស្សធម៌របស់ក្រុមហ៊ុន សុខតុញរៀលអ៊ីសស្ទេត នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលស្រុក ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ។ លោកអភិបាលស្រុក បានបញ្ជាក់ថា អំណោយទាំងអស់នេះគឺពិតជាមានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលរដ្ឋបាលស្រុកកំពុងតែត្រូវការជាចាំបាច់ សម្រាប់ប្រើប្រាស់និងធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋបានពិសារទឹកនៅពេលដែលកំពុងអង្គុយរងចាំការចាក់វ៉ាក់សាំងនិងក្រោយពេលចាក់វ៉ាក់សាំងរួចផងដែរ ។ ក្នុងឱកាសនោះដែរ លោកឡុង រដ្ឋារក្ស ក៏បានសំណូមពរដល់ក្រុមហ៊ុនសុខ តុញ រៀលអ៊ីសស្ទេត និង សប្បុរសជនទាំងអស់បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តា ក្រុង ស្រុកផ្សេងៗ ទៀតផងដោយអំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់សម្រាប់រដ្ឋបាលស្រុក ដែលកំពុងតែត្រូវការ សម្រាប់ប្រើប្រាស់ក្នុងការងារ មនុស្សធម៌ទាំងអស់ប្រើប្រាស់ឲ្យចំទិសដៅ ៕