ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានក្រើនរំលឹកដល់ប្រជាពុទ្ធបរិស័ទ និងមន្ត្រីមូលដ្ឋានទាំងអស់ បន្តជួយទ្រទ្រង់ និងថែរក្សាវិស័យព្រះពុទ្ធសាសនា ដើម្បីរួមគ្នាលើកកម្ពស់ ឲ្យកាន់តែមានការរីកចម្រើនថែទៀត!

ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់ អភិបាលរង នៃគណអភិបាលខេត្តព្រះវិហារ លោក ស៊ូ សិរី បានថ្លែង ក្នុងពេលដែលលោក ដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក និងមន្ត្រីមូលដ្ឋាន តំណាងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ នាំយកគ្រឿងបរិក្ខា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន មកប្រគេនព្រះសង្ឃគង់នៅក្នុងវត្តចំនួន ១០ នារដូវកាលដែលព្រះសង្ឃ កំពុងស្ថិតក្នុងការតាំងសមាទានសីល អស់កាលត្រីមាសក្នុងពុទ្ធសីមា។ ពិធីប្រគេនទៀនព្រះវស្សានេះ បានធ្វើនៅសាលាឆទានមួយ ជាប់ជើងភ្នំត្បែង ស្ថិតនៅក្នុងភូមិដំបូកខ្មៅ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២១នេះ។
អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានការចង្អុលបង្ហាញ ពី នាយឧត្ដមសេនីយ៍ មាស សុភា ដែលជាទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសសកម្មពិសេស និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្ដព្រះវិហារ រូបលោកផ្ទាល់ រួមទាំងថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្ត និងស្រុកជាច្រើនទៀត បាននាំយកគ្រឿងបរិក្ខា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន មកប្រគេនព្រះសង្ឃគង់នៅក្នុងវត្តចំនួន ១០ ក្នុងខេត្ត រួមមាន៖ ទៀនព្រះវស្សា ១០គូរ អង្ករ ១០ការ៉ុង មីម៉ាម៉ា ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ទឹកផ្លែឈើ ១០កេស ទឹកបរិសុទ្ធ ១០កេស ម៉ាស់ ១០ប្រអប់ អាល់កុល ៥០លីត្រ បេ្រងម៉ាស៊ូត ៣០០លីត្រ និងវត្ដនីមួយៗ ទទួលបានថវិកា ៣០ម៉ឺនរៀលផងដែរ។ ដោយឡែក យាយជី តាជី កងកម្លាំងការពារទីតាំង និងកម្មករ សរុប ៥០នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា ២ម៉ឺនរៀល ហើយថវិកាដែលត្រូវចំណាយក្នុងពេលនេះ សរុប ១២លាន ៥សែន ៧ម៉ឺន ៩០០០ រៀល។
លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ ផ្តាំផ្ញើដល់គណកម្មាការអាចារ្យវត្ត យាយជី តាជី ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងមន្ត្រីកងកម្លាំងក្នុងមូលដ្ឋានទាំងអស់ ត្រូវបន្តពង្រឹង និងជួយទ្រទ្រង់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើងជាងនេះថែមទៀត ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនារបស់យើង ដែលខ្មែរយើងបានគោរព ប្រតិបត្តិតាំងពីយូរលង់ណាស់មកហើយនោះ ឲ្យស្ថិតនៅក្នុងការប្រតិបត្តិ នៃប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជារៀងដរាប។
លោក ស៊ូ សិរី បានក្រើនរំលឹកដល់មន្ត្រីបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់ សម្អាតបរិស្ថានឲ្យបានស្អាតជានិច្ច ត្រូវរួមគ្នាថែរក្សា ការពារ និងអភិរក្ស តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ឲ្យបានគង់វង្ស ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងទុកជាប្រយោជន៍ជាតិ។ ទន្ទឹមនោះ ក៏មិនត្រូវភ្លេចអនុវត្តតាមវិធានការណែនាំនានា របស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល នូវការអនុវត្តវិធានការ ៣កុំ និងការពារ ឲ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងគ្រាដែលជំងឺដ៏កាចសាហាវនេះ កំពុងឆ្លងរាលដាលចូលក្នុងសហគមន៍ ដែលជាបន្ទុកដោះស្រាយមួយដ៏ធំ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះវិហារ ផងនោះដែរ៕ ដោយ៖ឡុង សំបូរ