ចាប់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលលួចបង្កប់ដឹកសត្វតុកកែខុសច្បាប់ជិតមួយពាន់ក្បាល

0

ខេត្តសៀមរាប៖ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ដែលលួចបង្កបដឹកសត្វតុកកែដោយខុសច្បាប់នោះ ត្រូវបានកម្លាំងមេព្រៃនៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ធ្វើការចាប់ឃាត់ដើម្បីចាត់ការតាមផ្លូវច្បាប់។

ការចាប់ឃាត់នេះបានធ្វើឡើងនៅវេលាម៉ោង១២ជាងថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៦៧ ក្នុងភូមិបល័ង្គ ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថារថយន្តដែលឃាត់នេះជារបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ពាក់ស្លាកលេខ ភ្នំពេញ3F-7232។ លោកថា តាមការសាកសួរ រថយន្តនេះចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានា មកកាន់ខេត្តសៀមរាប ហើយសត្វតុកកែដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន២កេស ស្មើនឹង៩៨៤ក្បាល។ បច្ចុប្បន្នសមត្ថកិច្ចបានដកហូតរថយន្តខាងលើមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ។ ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ៕