រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ-១៩

0

ខេត្តប៉ៃលិន៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលអំណោយពីក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ប្រភេទថ្មី ។

មានប្រសាសន៍ក្នុងឪកាសនោះដែរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងខេត្តប៉ៃលិន ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរស របស់ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺវិរុសកូវីដ-១៩ សំខាន់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដើមី្បទ្រទ្រង់ជីវភាព ដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស កំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលបណ្តាក្រុង ស្រុក ក្នុងខេត្តប៉ៃលិន។ លោកជំទាវ ក៍បានបញ្ជាក់ផងដែរថា៖ អំណោយទាំងនេះ រដ្ឋបាលខេត្ត នឹងធ្វើការបែងចែក ទៅតាមបណ្តាក្រុង ស្រុក ដើមី្បប្រើប្រាស់ ក្នុងមណ្ឌលចត្តាឡីស័ក និងផ្តល់ជូនគ្រួសារប្រជាពលរដ្ឋខ្វះខាត នៅតាមមូលដ្ឋាន ហើយនេះក៍ជាវប្បធម៌ ចែករំលែក ក្នុងការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ សូមបន្តនូវកាយវិការដ៏សប្បុរសនេះ ក្នុងការចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានការរីកចម្រើនតទៅអនាគតរហូត ។

លោក ភី ឡង់ឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានឲ្យដឹងថា៖ ដោយមើលឃើញ ពីទុក្ខលំបាកគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចទុក្ខលំបាក ដល់បងប្អូនពលរដ្ឋតាមមូលដ្ឋាន និងក៏ជួយសម្រាលបន្ទុក ដល់រដ្ឋបាលខេត្តប៉ៃលិន ក្នុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺវិរុសកូវីដ-១៩ ពិសេសបងប្អូនប្រជាពលករ ដែលវិលត្រឡប់មកពីក្រៅប្រទេស ទើបក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈរូបលោកផ្ទាល់ នាំមកនូវគ្រឿងឧបភោគបរិភោគ ក្នុងការជួយសម្រាលបន្ទុករាជរដ្ឋាភិបាល និង អាជ្ញាធរខេត្តប៉ៃលិន ក្នុងនោះរួមមាន៖ អង្ករ ចំនួន ២,៥តោន មី ចំនួន៥០០កេស ដើម្បីជាការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងខេត្តប៉ៃលិនផងដែរ៕