នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសប្រមូលទិញផ្លែមៀននៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្រោយជួបបញ្ហាក្នុងការនាំចេញទៅក្រៅ !

0

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានៅក្នុងការនាំចេញទៅក្រៅប្រទេសដោយសារវិបត្តិជំងឺកូវី-១៩។

មន្ដ្រីជាន់ខ្ពស់នៃបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រមូលទិញកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន, ផ្លែតាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។

មន្ត្រីដដែលបានបញ្ជាក់ថា ប្រជាកសិករដែលមានផល្លានុផល ផ្លែមៀន ឬផ្លែតាង៉ែន សូមទំនាក់ទំនងមកក្រុមការងាររបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នឹងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ។ ទីកន្លែងទទួលទិញ នៅតារាងបាល់ទាត់ខេត្តបាត់ដំបង ជិតសាលាភូមិភាគ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់ លោក សេង ឌីលីន សមាជិកក្រុមលេខារបស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ ០៩៧ ៧៧៧ ៣៧៣៧ និងលោក ស៊ុន ម៉េងហៃ នាយរងខុទ្ទកាល័យនៃបញ្ជាការដ្ឋានអង្គរក្ស និងជំនួយការផ្ទាល់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទូរស័ព្ទលេខ៖ ០៨៨ ៩០៣ ៧៧៧៧ ។

សូមជម្រាបថា ផ្លែមៀនប៉ៃលិន របស់សហគមន៍កសិកម្មមៀនប៉ៃលិន ចំនួន ៥ម៉ឺនតោន កំពុងប្រឈមនឹងការខូចខាតព្រោះមិនអាចនាំចេញបាន។ ជុំវិញបញ្ហានេះរដ្ឋបាលសហគមន៍កសិកម្មមៀនប៉ៃលិន លោក តំ សុភ័ណ្ឌ បានប្រាប់អ្នកសារព័ត៌មានថា ផ្ទៃដីដាំដុះមៀនប៉ៃលិនរបស់កសិករ ដែលជាសមាជិក មានចំនួន២ពាន់ ៩០០ហិកតា នៅខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមដល់រដូវកាលប្រមូលផលហើយ នៅខែសីហានេះ ដែលអាចនឹងប្រមូលផលបានប្រមាណជាង ៥ម៉ឺនតោន។ ខណៈនេះបញ្ហារបស់សហគមន៍មៀនប៉ៃលិន គឺគ្មានទីផ្សារសម្រាប់នាំចេញបាន ដោយកន្លងទៅពឹងផ្អែកលើការនាំចេញទៅប្រទេថៃ ហើយថៃនាំចេញបន្តទៅប្រទេសចិន ប៉ុន្តែពេលនេះ មិនអាចនាំចេញទៅប្រទេសថៃបានឡើយ៕