អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Astra Zeneca ដូសជំរុញ ដល់យោធិន និងគ្រួសារ នៅសមរភូមិមុខ និងអតីតយុទ្ធជនជាង ១ពាន់នាក់

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានដឹកនាំក្រុមគ្រូពេទ្យជំនាញរបស់អង្គភាព បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Astra Zeneca ដូសទី៣ ជាដូសជំរុញ ជូនដល់កងទ័ព កងនគរបាលជាតិ និងគ្រួសារ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រោយពីបានបញ្ចប់បេសកកម្ម នៅសមរភូមិមុខនោះមក ក៏បានវិលត្រឡប់មកសមរភូមិក្រោយវិញ ដើម្បីបន្តចាក់វ៉ាក់សាំងដូសជំរុញនេះ ជូនដល់អតីតយុទ្ធជន និងគ្រួសារ សរុបប្រមាណជាង ១ពាន់នាក់។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ជាដូសជំរុញនេះ អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានអនុវត្តតាមផែនការរបស់ អគ្គមេបព្ជាការ និងមេបព្ជាការកងទ័ពជើងគោក ,យោងផែនការដឹកនាំបញ្ជា របស់មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី១ មានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១១សីហា ដល់ថ្ងៃទី២២សីហាឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ទៀតថា អង្គភាពតំបន់ប្រតិបត្តិការសឹងរងស្ទឹងត្រែង បានទទួលផែនការពីថ្នាក់ដឹកនាំ ដើម្បីទទួលភារកិច្ច ដឹកនាំការចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ជាដូសជំរុញ ជូននាយទាហាន នាយទាហានរង និងពលទាហាន ,នាយនគរបាល និងពលនគរបាល អង្គភាពរវៈសេនាតូចការពារព្រំដែនលេខ ៧០១ និងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នេះ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ អូត ស៊ីវត្ថា ក៏បានចូលរួម នៅក្នុងសកម្មភាពនេះផងដែរ។
លោកឧត្តមសេនីយ៍ មេបញ្ជាការ មានប្រសាសន៍ទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងត្រូវធ្វើឡើង ៣ជំហានបន្តបនន្ទាប់គ្នា គឺ ជំហានទី១ ក្រុមគ្រូពេទ្យនឹងចាក់ជូន នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិក្រោយ រួមមាន៖ ថ្នាក់ការិយាល័យ អង្គភាពផ្នែកសឹករងក្រុង ផ្នែកសឹករងស្រុក និងអង្គភាពវរៈសេនាតូចទាំងពីរ។ ចំពោះជំហានទី២ ត្រូវបន្តចុះចាក់ជូន កម្លាំងយោធា និងនគរបាល ដែលកំពុងបំពេញបេសកកម្មការពារទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងជំហានទី៣ ក្រុមការងារចាក់វ៉ាក់សាំង ក្រោយវិលត្រឡប់ពីព្រំដែនវិញ នឹងត្រូវបន្តចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ជាដូសជំរុញនេះ ជូនដល់អតីតយុទ្ធជននៅទូទាំងខេត្ត ចំនួន ៧០៧នាក់ ថែមទៀតផង។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងបញ្ជាក់ថា ក្រុមគ្រូពេទ្យ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានបំពេញកាតព្វកិច្ចយ៉ាងសកម្ម នៅក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ និងសម្រេចបានតាមផែនការ ដែលថ្នាក់លើប្រគល់ជូន ហើយយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងត្រូវបិទបញ្ចប់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖ឡុង សំបូរ