សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់អំណោយ​ផ្ទះ​១ខ្នង​ ​ជូន​លោកយាយក្រខ្សត់ម្នាក់​ រស់នៅក្នុងស្រុកកំពង់សៀម

0

​កំពង់ចាម​:​ ផ្ទះ១ខ្នង​គិតជា​ថវិកា​សាងសង់អស់ជាង៨ពាន់ដុល្លារ​ ​រួមនឹង​សំភារ​ប្រេីប្រាស់​ ដែលជាអំណោយ​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាតក្រហមកម្ពុជា​ ត្រូវ​បាន​ប្រគល់​ជូន​ លោកយាយ​ម្នាក់​ឈ្មោះ​ ឌឿ ម៉េត អាយុ៧៣ឆ្នាំ​ មុខរបរ​ដេីរ​បេះ​បន្លែ​ស្លឹកឈើ​លក់ ដែលធ្លាប់ស្នាក់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម ជាមួយនឹងកូនស្រីមេម៉ាយម្នាក់​ និងចៅប្រុសស្រី​២នាក់ ស្ថិតនៅក្នុង ភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ពិធីនេះបានធ្វេីឡេីងនាព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ ក្រោម​វត្តមាន​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​ឯកឧត្តម​ អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញេី​សាកសួរសុខទុកពី​សំណាក់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ លោកយាយ ឌឿ ម៉េត ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត​ ដែលជានិច្ចកាល សម្តេច លោកតែងតែខ្វាយខ្វល់គិតគូរពីសុខទុក្ខ​ប្រជាពលរដ្ឋ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ហើយបានដោះស្រាយទុក្ខលំបាកបានទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានការលំបាក ទីនោះកាមកាកបាទក្រហមកម្ពុជា ” ។​

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ បាន​អំពាវនាវ​ដល់​លោកយាយ​លោក​តា​ បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ ត្រូវ​រស់នៅ​ប្រកប​ដោយ​អនាម័យ​ ជាពិសេស​ត្រូវ​​អនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​ និង​២ចូលរួម​ តាម​ការណែនាំ​របស់​​ក្រសួង​សុខាភិបាល​ផងដែរ​ ។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ ដែលផ្តល់ជូន លោកយាយឌឿ ម៉េត សម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន ៖ អង្ករ ៥០គក្រ, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត ២សម្រាប់, ម៉ាស់ ២ប្រអប់ , អាវយឺត ១៦, សម្ភារផ្ទះបាយ ២សម្រាប់ , ធុងទឹកធំ ១, ចង្ក្រាន ២ , ធ្យូង ៥គក្រ និង អុស ១បាច់ ។​ ដោយឡែក ជូន លោកយាយ និងលោកតា ចំនួន ២១នាក់ ដែលចូលរួមក្នុងឱកាសនោះ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ម៉ាស់ ១ប្រអប់, , និង ថវិកា ២០,០០០ រៀល ផងដែរ ៕