គម្រោងពីររបស់ក្រុមហ៊ុន FORTUNE STUDIO នឹងជួយជម្រុញការអភិវឌ្ឍន៍ វិស័យសារព័ត៌មាននៅកម្ពុជា ឲ្យកាន់តែមានទំនើបកម្ម និងរីកចម្រើនថែមមួយកម្រិតទៀត

 រាជធានីភ្នំពេញ៖ តាមរយៈគម្រោងពីររបស់ ក្រុមហ៊ុន FORTUNE STUDIO ត្រូវគេរំពឹងថា នឹងជួយជម្រុញក្នុងកិច្ចសហប្រតិបត្តិការ លើប្រព័ន្ធផ្សព្វផ្សាយហិរញ្ញវត្ថុ អាជីវកម្ម នៅអាស៊ីអាគ្នេយ៍ និងកិច្ចសហប្រតិបត្តិការលើ មជ្ឈមណ្ឌលឧស្សាហកម្មមូលដ្ឋាន/នវានុវត្តន៍ នៃប្រពន្ធ័ផ្សព្វផ្សាយអន្តរជាតិ-កម្ពុជា ដោយគម្រោងទាំងពីរនេះ នឹងបង្កើតឲ្យមានកម្មវិធីហិរញ្ញវត្ថុ និងធុរកិច្ច ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជា កាន់តែមានភាពរីកចម្រើន ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាង ក្រសួងព័ត៌មាន និងក្រុមហ៊ុន FORTUNE STUDIO របស់សាធារណរដ្ឋប្រជាមានិតចិន ស្តីពី គម្រោងកិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយនៅកម្ពុជា។

  ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន និង FORTUNE STUDIO មកពីសាធារណរដ្ឋប្រជាមានិតចិននោះបានប្រារព្ធធ្វើឡើងជាផ្លូវការ កាលពីរសៀលថ្ងៃទី២៥សីហាឆ្នាំ២០២១ នៅសាលប្រជុំព្រះវិហារ នៃក្រសួងព័ត៌មាន ក្រោមវត្តមាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកស្រី ជេស៊ីកា ហ្វាន « Jessica Fanh » មន្រ្តីទទួលបន្ទុកក្រុមហ៊ុន FORTUNE STUDIO និងជាអតីតអនុប្រធានជាន់ខ្ពស់ នៃស្ថានីយ៍ទូរទស្សន៍ Nice TV នៅកម្ពុជា។

  រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មានកម្ពុជា លោកបណ្ឌិត សុខ ប្រសិទ្ធិ បានថ្លែងថា នេះជាឱកាសក្នុងការចាប់ផ្តើម នូវដំណើររការបច្ចេកវិទ្យាថ្មី របស់វិស័យឯកជន ដែលសហប្រតិបត្តិការ ជាមួយក្រសួងព័ត៌មាន កម្ពុជា ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យបច្ចេកវិទ្យាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ កំពុងអភិវឌ្ឍន៍ជាវិជ្ជមាន ។

  លោកបណ្ឌិត សុខ ប្រសិទ្ធិ បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍របស់ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសម្របសម្រួល និងបានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន និង Fortune Studio ហើយកិច្ចសហប្រតិបត្តិការនេះ បានផ្តោតលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ នឹងមានភាពរីកចម្រើន ទទួលបានផ្លែផ្កា ជាទីមោទនៈ នាពេលបន្តបន្ទាប់ទៀត ខាងមុខនេះ

  តំណាងក្រុមហ៊ុន FORTUNE STUDIO  លោកស្រី ជេស៊ីកា ហ្វាន «Jessica Fanh» បានសម្តែងក្តីសោមនស្សរីករាយក្រៃលែង ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងព័ត៌មាន គឺ ១.ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ លើប្រពន្ធ័ផ្សព្វផ្សាយ ហិរញ្ញវត្ថុ និងអាជីវកម្ម នៅអាស៊ី អាគ្នេយ៍ និង ២.ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ លើមជ្ឍមណ្ឌលឧស្សាហកម្មមូល ដ្ឋាន / នវានុវត្តន៍ នៃប្រពន្ធ័ផ្សព្វផ្សាយអន្តរជាតិ«កម្ពុជា» តាមរយៈគម្រោងទាំងពីរនេះ នឹងបង្កើតឲ្យមានកម្មវិធីព័ត៌មាន ហិរញ្ញវត្ថុ ធុរកិច្ច និងការរៀបចំបង្កើតឲ្យមានមជ្ឈមមណ្ឌល នៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ មួយនៅកម្ពុជា ដែលនឹងចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មានកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

  រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ បានចាត់ទុកគម្រោងកិច្ចសហប្រតិបត្តិការ ទាំងពីរខាងលើនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ក្រសួងព័ត៌មានកម្ពុជា ហើយលោករដ្ឋមន្ត្រី មានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាងក្រសួងព័ត៌មាន ជាមួយ Fortune Studio នឹងចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សាព្វផ្សាយឲ្យកាន់ល្អប្រសើរ បន្ថែមទៀត។

  ស្របពេលជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានឈ្លាតឱកាស សម្តែងការអបអរសាទរ ចំពោះ Fortune Studio ដែលទទួលបានពានរង្វាន់អន្តរជាតិ សម្រាប់កម្មវិធី ដែលបានផលិតជាមួយ ទូរទស្សន៍ជាតិកម្ពុជា ។

  គួរបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន Fortune Studio ដែលសម្រេចបានកន្លងមកនោះ ក៏បានបង្ហាញពីគម្រោងក្នុងការអភិវឌ្ឍន៍ និងវិនិយោគ លើកិច្ចការងារជំនាញធ្វើកម្មវិធីក្នុងវិស័យព័ត៌មាន និងគម្រោងបង្កើតជាមជ្ឈមណ្ឌលព័ត៌មាននៅ ព្រះរាជាណាចក្រកម្ពុជា។ ហើយមូលហេតុ ដែលក្រុមហ៊ុននេះ ជ្រើសរើសប្រទេសកម្ពុជា ដើម្បីវិនិយោគ ដោយសារប្រទេសកម្ពុជា ជាប្រទេស ដែលមានគោលនយោបាយមួយច្បាស់លាស់ សេដ្ឋកិច្ចទីផ្សារសេរី និងបើកចំហរលើច្រើនវិស័យ រាប់ទាំងវិស័យសារព័ត៌មាន ផងនោះដែរ ៕