អាជ្ញាធរខេត្តព្រះវិហារ សម្រេចបិទខ្ទប់តំបន់ដែលបានរកឃើញ មានផ្ទុះជំងឺកូវីដ១៩ និងការកំណត់ជា«តំបន់ក្រហម» នៅក្នុងភូមិសាស្ត្រខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ប្រភេទDelta

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចជាបន្តបន្ទាប់ ក្នុងការបន្តបិទខ្ទប់តំបន់ដែលបានរកឃើញ ឆ្លងជំងឺកូវីដ១៩ និងក៏បានកំណត់ជា«តំបន់ក្រហម» និងការដាក់ចេញបន្តអនុវត្តវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រខេត្ត នាថ្ងៃទី២៦សីហាឆ្នាំ២០២១ ដើម្បីបន្តយន្តការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងក៏ដើម្បីធានាបាននូវសុខមាលភាព ជូនប្រជាពលរដ្ឋ ផងនោះដែរ។
យោងតាមសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តព្រះវិហារ លេខ ១២៥/២១ សសរ ចុះថ្ងៃទី២៦សីហាឆ្នាំ២០២១ ដោយបានដាក់ចេញបន្តការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃជំងឺកូវីស១៩ ប្រភេទ Delta។
ការបន្តអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នឹងធ្វើឡើងក្នុងរយៈពេល ៧ថ្ងៃ ( ១សប្តាហ៍ )ទៀត ដោយចាប់អនុវត្តពីថ្ងៃទី២៧សីហា ដល់ថ្ងៃទី២កញ្ញាឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ១៩ ប្រភេទ Delta ។
នៅក្នុងរយៈពេល នៃការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ត្រូវបានហាមឃាត់ ការធ្វើសកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន រមណីដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ស្ទីម សូណា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ មជ្ឈមណ្ឌលកីឡា និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ជាដើម។ល។
រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេច លេខ ១២៦/២១ សសរ ចុះថ្ងៃទី២៦សីហាឆ្នាំ២០២១ រដ្ឋបាលខេត្ត បានសម្រេចបន្តបិទខ្ទប់ជាបណ្តោះអាសន្ន «ផ្សារកំពង់ប្រណាក» ដែលស្ថិតនៅក្នុងក្រុងព្រះវិហារ មានរយៈពេល ១សប្តាហ៍ទៅមុខទៀត។
ផ្សារកំពង់ប្រណាក ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ផ្សារនេះត្រូវបានអាជ្ញាធរខេត្ត សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ៤ដងហើយ ទាំងលើកនេះ ដោយបិទខ្ទប់លើកទី១ បានធ្វើឡើងថ្ងៃទី១៦កក្កដាឆ្នាំ២០២១ ,លើកទី២ នៅថ្ងៃទី៣០កក្កដាឆ្នាំ២០២១ ,លើកទី៣ នៅថ្ងៃទី១២សីហាឆ្នាំ២០២១ និងនៅលើកទី៤នេះ នឹងចាប់អនុវត្តនៅថ្ងៃទី២៧សីហាឆ្នាំ២០២១ តទៅ។
រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចលេខ ១២៧/២១ សសរ ចុះថ្ងៃទី២៦សីហាឆ្នាំ២០២១ សម្រេចការបន្តបិទខ្ទប់ និងកំណត់ភូមិកំពង់ចម្លងជា «តំបន់ក្រហម» ដែលមានការឆ្លងរាលជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន ក្នុងរយៈពេល ១សប្តាហ៍ទៀត ចាប់ពីថ្ងៃទី២៧សីហា រហូតដល់ថ្ងៃទី២កញ្ញាឆ្នាំ២០២១។ ភូមិកំពង់ចម្លង ត្រូវបានកំណត់ជា «តំបន់ក្រហម» គឺស្ថិតនៅក្នុង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចលេខ ១២៨/២១ សសរ ចុះថ្ងៃទី២៦សីហាឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ និងកំណត់ «តំបន់ក្រហម» ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង និងភូមិគូលែន ត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងរយៈពេល២សប្តាហ៍«១៤ថ្ងៃ» ចាប់ពីថ្ងៃទី២៦សីហា រហូតដល់ថ្ងៃទី៨កញ្ញាឆ្នាំ២០២១ ។ ការសម្រេចបិទខ្ទប់ និងកំណត់ ភូមិគូលែនជើង និងភូមិគូលែនត្បូង ជា «តំបន់ក្រហម» នោះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta។
រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ការបន្តបិទខ្ទប់ និងការកំណត់តំបន់ខាងលើ ជា«តំបន់ក្រហម» និងការដាក់ចេញបន្តការអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខេត្ត គឺក្នុងគោលបំណងធានាប្រសិទ្ធភាពដល់ការគ្រប់គ្រង ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ នៃភូមិសាស្ត្រខេត្ត ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់មិនឲ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត និងក៏ដើម្បីធានាបាន នូវសុខមានភាពជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ។
សូមបញ្ជាក់ថា ខេត្តព្រះវិហារ នៅថ្ងៃទី២៦សីហានេះ បានបន្តរកឃើញអ្នកឆ្លងថ្មី ១៣នាក់ និងជាសះស្បើយ ៣២នាក់ បន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្ត។ គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុប ៩៥៧នាក់ ស្រី ៤៨៥នាក់ ជាសះស្បើយ ៥៨៤នាក់ ស្រី ៣០៤នាក់ ស្លាប់ ០៣នាក់ ស្រី ០១នាក់ កំពុងសម្រាកព្យាបាល ៣៧០នាក់ ស្រី ១៨០នាក់៕ ដោយ៖ឡុង សំបូរ