អភិបាលខេត្តកែប និង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យការដ្ឋានសាងសង់ឡដុតកម្ទេចសំណល់វិជ្ជសាស្ត្រ

(ខេត្តកែប)៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និង លោក នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យការសាងសង់ ឡដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលនាំមកពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងខេត្ត ដែលកំពុងបើកដំណើរការសាងសង់ នៅចំណុចភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

លោក នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ការបំពាក់ឡដុតកម្ទេចសំណល់រឹងនិងសំរាមដែលជាសំណល់វិជ្ជសាស្ត្រនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមឬសំណល់រឹងត្រូវអនុវត្តតាមលក្ខណៈបច្ចេកទេស ដោយមានធុងសំរាមដាក់ត្រឹមត្រូវ មានមធ្យោបាយដឹកគ្រប់គ្រាន់ ពិសេសទីលានចាក់សំរាមត្រូវតែធ្វើទៅតាមខ្នាតបច្ចេកទេស ទើបជាវិធានការយុទ្ធសាស្ត្រនៃគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងនៅតាមទីប្រជុំជន។ លោកបានបន្ថែមថា ក្រសួងបរិស្ថាននៅតែបន្តការគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង និងសំរាមឱ្យបានខ្លាំងក្លាថែមទៀត។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសំណល់រឹង នៅតាមទីប្រជុំជន ដោយក្រសួងបានផ្តល់និងគាំទ្រនូវផ្នែកបច្ចេកទេស ក៏ដូចជាផ្តល់ជាមធ្យោបាយដល់រដ្ឋបាលខេត្ត ដើម្បីអនុវត្តឱ្យបានជោគជ័យ លើការគ្រប់គ្រងសំរាម និងសំណល់នៅតាមទីប្រជុំជន នៃតំបន់ខេត្តកែប។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបង្ហាញនូវមោទនភាពដែលបានទទួលការយកចិត្តទុកដាក់ខ្ពស់ ពិសេសបង្ហាញមោទនភាពដែលខេត្តកែបបានទទួលពានរង្វាន់បិស្ថានអាស៊ានជាបន្តបន្ទាប់ នាពេលកន្លងមក។ ដោយឡែក ចំពោះឡដុតសំណល់រឹងនិងសំរាម ពិតជាមានសារប្រយោជន៍សម្រាប់ដុតកម្ទេចសំណល់ផ្សេងៗមកពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ជាពិសេសសំណល់វិជ្ជសាស្ត្រក៏ត្រូវបានយកទៅដុតកម្ទេចក្នុងឡនេះ ដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់នូវសំណល់ដ៏គ្រោះថ្នាក់នេះ៕ សេង ណារិទ្ធ