មន្ត្រីរាជការខេត្តកំពង់ធំចំនួន១៥០០០នាក់ទទួលបានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣រួចរាល់ហើយ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការរយេៈពេល១១ថ្ងៃ ការចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ ប្រភេទAstra Zeneca ជូនកងកម្លាំងនគរបាល និងមន្ត្រីរាជការទូទាំងខេត្តកំពង់ធំ របស់ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា រយៈពេល១១ថ្ងៃ ដោយចាប់ផ្ដើមចេញដំណើរពីថ្ងៃទី១៩ រហូតដល់ល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ បានចាក់វ៉ាក់សាំងដូសទី៣ បានចំនួន ១១៥៤០នាក់
ស្រីចំនួន ៤.១៧៣ នាក់ លើផែនការចំនួន ១៥.០០០នាក់ តាមផែនការគ្រោងទុក របស់រដ្ឋបាលខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍បាន បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងបំពេញភារកិច្ច ដោយមិនខ្លាចការនឿយហត់ ដើម្បីការពារអាយុជីវិតមនុស្ស ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ និងបានកោតសរសើរចំពោះក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចភារកិច្ចតាមផែនការដែលថ្នាក់លើបានប្រគល់ជូន។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់ក្រុមការងារ និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តត្រៀមខ្លួនក្នុងការព្យាបាលជំងឺជូនយោធិន នៅក្នុងអង្គភាពដែលមានជំងឺកូវីដ-១៩ ប្រភេទស្រាល និងគ្រប់គ្រងយោធិនដែលត្រូវធ្វើចត្តាឡីស័ក នៅ ក្នុងទីតាំងដែលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកបានរៀបចំ ឲ្យបានម៉ត់ចត់។
ក្រុមការងារនិងក្រុមគ្រូពេទ្យទាំងអស់ បានប្ដេជ្ញាចិត្តយ៉ាងមុឺងម៉ាត់ក្នុងការអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យបន្តទទួលបានជោគជ័យបន្ថែមទៀត សូមបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ ភារកិច្ចក្រុមការងារ និងក្រុមគ្រូពេទ្យទាំងអស់ បានយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ -១៩ លទ្ធផលគឺ អវិជ្ជមានទាំងអស់គ្នា ។
ដោយ ប៊ុន រដ្ឋា