អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពពលរដ្ឋធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ក្រោយពីអាជ្ញាធរបិទខ្ទប់ភូមិ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកជើងព្រៃ

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ធ្វេី ចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្រោយពីអាជ្ញាធរបិទខ្ទប់ភូមិ បន្ទាប់ពីពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ ១៩ ស្ថិតនៅក្នុងភូមិ៣៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នថែមទៀត ទាំងសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ ដោយចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ជាពិសេស ការអនុវត្តនូវវិធានការពារ «៣ការពារ និង ៣កុំ» រួមទាំងអនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បី កាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសាហាវនេះ ទៅក្នុងសហគមន៍កម្ពុជាយើងទាំងមូល ផងដែរ ។

បេីយោងតាម សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុង ថ្ងៃ ទី ១ ខែកញ្ញា ឆ្នាំ ២០២១ នេះ បច្ចុប្បន្នភាព នៃ ជំងឺ កូវីដ -១៩ ដោយមានករណីជាសះស្បើយ ចំនួន ៣៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ២នាក់, ស្រុកកំពង់សៀម ១នាក់, ស្រុកកងមាស ១នាក់, ស្រុកកោះសូទិន ១នាក់, ស្រុកចំការលើ ២នាក់, ស្រុកជើងព្រៃ ២នាក់, ស្រុកព្រៃឈរ ៥នាក់, ស្រុកស្ទឹងត្រង់ ២នាក់ ដោយឡែក មកពីខេត្តស្ទឹងត្រែង ៤នាក់, ខេត្តមណ្ឌលគីរី ១នាក់, ខេត្តកំពង់ធំ ២នាក់ និងខេត្តត្បូងឃ្មុំ ១នាក់ ផងដែរ ៕