មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងប្រគល់ភារកិច្ចជូន ក្រុមការងារ

ខេត្តកំពង់ធំ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានរៀបចំទីកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងកន្លែងសម្រាប់ការព្យាបាលជំងឺ កូវីដ-១៩ កំរិតស្រាលជូនយោធិន ចំណុះឲ្យអង្គភាពនីមួយៗ តាមចំនួនគោលរបបដែលបានកំណត់ឲ្យបានត្រឹម ត្រូវ ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារគ្រប់គ្រងព្យាបាលជំងឺនិងធ្វើចត្តាឡីស័ក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅពិនិត្យរៀបចំទីកន្លែងសម្រាប់ធ្វើចត្តាឡីស័កជូនយោធិន និងប្រគល់ភារកិច្ចការងារសំខាន់ៗ ចាំបាច់មួយចំនួន ជូនក្រុមការងារ និងបណ្តាអង្គភាពដែលមានការពាក់ព័ន្ធ នៅទីបញ្ជាការវរសេនាតូចលេខ១ នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដើម្បីគ្រប់គ្រងនិងតាមដានសុខភាព ចំពោះ យោធិននិងគ្រួសារដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកដែលមានវិជ្ជមានជំងឺកូវីដ-១៩ ដែលតម្រូវឲ្យធ្វើចត្តាឡីស័ក គឺក្រុមការងារដែលបានចាត់តាំងតាមភារកិច្ចនីមួយៗ ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវ នឹងម៉ឺងម៉ាត់បំផុតតាមវិធានការរបស់ក្រសួងសុខាភិបាល ទាំងការគ្រប់គ្រងការស្នាក់នៅ និងពិនិត្យសុខភាព ធានាជីវភាពហូបចុកប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ តាមគោលរបបកំណត់របស់ក្រសួងការពារជាតិ ។
និងបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្ដែង ក្នុងការរៀបចំទីកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ជូនយោធិន និងគ្រួសារ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ច របស់ក្រុមការងារគ្រប់គ្រង ព្យាបាល ជំងឺ កូវីដ -១៩ កំរិត ស្រាលជូនយោធិន និងក្រុមការងារគ្រប់គ្រងយោធិនត្រូវធ្វើចត្តាឡីស័ក ដែលបានបំពេញ ភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានបញ្ជាការដ្ឋាន យោធភូមិភាគទី៤ កំណត់ឲ្យរៀបចំទីកន្លែងសម្រាប់ ធ្វើចត្តាឡីស័កជូនយោធិននិងគ្រួសារ ដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានវិជ្ជមានកូវី-១៩ ចំនួន៤២គ្រែ និងរៀបចំទីកន្លែងសម្រាប់ព្យាបាល ជំងឺកូវីដ-១៩កំរិតស្រាលជូនយោធិនចំនួន១០គ្រែផងដែរ ។
ដោយ ប៊ុន រដ្ឋា