ក្រុមចលនាយុវជនកម្ពុជា(១៥៧)សាខាខេត្តព្រះវិហារ នាំយកអំណោយ ជូនពលរដ្ឋខ្វះខាត ៤០គ្រួសារ ក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងក្រុងព្រះវិហារ

ព្រះវិហារ ៖ លោក ឈៀង គង់នៅ ប្រធានក្រុមការងារចលនាយុវជនកម្ពុជា (១៥៧) សាខាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ពីសាខាខេត្តកណ្តាល ដែលមានលោកឧកញ៉ា ស្រី ចាន់ថន ជាប្រធាន។ មកធ្វើការបែងចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង ចំនួន៤០ គ្រួសារ ដែលកំពុងរស់នៅ ក្នុងភូមិសាស្ត្រមួយចំនួន ក្នុងស្រុកសង្គមថ្មី និង នៅក្នុងក្រុងព្រះវិហារ។

ពិធីនេះប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៨ និងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ និងថ្នាក់ដឹកនាំមូលដ្ឋានផងដែរ។

លោក ឈៀង គង់នៅ ប្រធានក្រុមការងារចលនាយុវជនកម្ពុជា (១៥៧) សាខាខេត្តព្រះវិហារ ក៏បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកឧកញ៉ា ស្រី ចាន់ថន នៅការសួរសុខទុក្ខ ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅក្នុងគ្រាលំបាក។ ទោះបីជាអំណោយដែលក្រុមការងារយកមក វាមានចំនួនតិចតួច តែក៏អាចជួយសម្រួល ដល់ការប្រឈម របស់បងប្អូនកំពុងជួបការលំបាកបានមួយគ្រាដែរ។

សូមបញ្ជាក់ថា៖ គ្រឿងឧបភោគបរិភោគ ជាអំណោយដែលក្រុមការងារចលនាយុវជនកម្ពុជា(១៥៧) សាខាខេត្តព្រះវិហារនាំយកមកបែងចែកជូនពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង សរុបចំនួន៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ, ទឹកត្រី, មី, ទឹកបរិសុទ្ធ, ប៊ីចេង, ប្រេងឆា, ស្ករស, ត្រីខ, និងថវិកាមួយចំនួន៕ សួនលីណា