អាជ្ញាធរស្រុកស្រីសន្ធរ បន្ត ដាក់ ដេញ ថ្លៃ គម្រោងមូលនិធិឃុំ ចំនួន ៤ ដេីម្បីស្ថាបនា ផ្លូវ បេតុងអាមេ ជាង១០០០ម៉ែត្រ

កំពង់ចាម : គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ត្រូវ បាន ប្រកាស ដាក់ឲ្យ ដេញ ថ្លៃ ចំនួន ៤គម្រោង នៅ សាលា ស្រុក ស្រីសន្ធរ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និង លោក បែត វ៉េងឃីម អភិបាល រង ស្រុក ស្រីសន្ធរ ដោយ មាន ការ ចូលរួម ពី ក្រុម ការងារ សម្របសម្រួល ខេត្ត និង ស្រុក ព្រមទាំង គណៈកម្មការ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន អ្នក ទទួល ការ ជា ច្រើន រូប ផង ដែរ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ លោក ឡី មិច បាន ធ្វើ ការ សំណូមពរ ដល់ ក្រុម ហ៊ុន អ្នក ទទួល ការ ទាំងអស់ ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ ក្នុងការ អនុវត្ត វិធានការ សុខាភិបាល ដេីម្បី ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ជាពិសេស ត្រូវ អនុវត្ត វិធានការ ៣ការពារ ៣កុំ ក្នុងនោះត្រូវ រក្សា គម្លាត សុវត្ថិភាព ផ្ទាល់ខ្លួន និង ពាក់ ម៉ាស ការពារ ឲ្យ បាន គ្រប់ៗគ្នា ។ ដោយឡែក ចំពោះ ការ ដេញ ដេញថ្លៃគម្រោង មូនិធិ ឃុំ នេះដែរ ត្រូវ ឲ្យ មាន ការ ប្រកួតប្រជែង ដោយ ភាព ថ្លៃថ្នូរ និង កុំ ឲ្យ មាន ការ ឃុបឃិត គ្នា ប្រព្រឹត្ត អំពើ ពុករលួយ ហេីយ ការ សាងសង់ សំណង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ បាន យូរ អង្វែង ផងដែរ ។

លោក បែត វ៉េងឃីម អភិបាលរង ស្រុកស្រីសន្ធរ បាន ឲ្យដឹងថា គម្រោង មូលនិធិ ឃុំ ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ ខាង លើ នេះ គឺមាន ផ្លូវ ចំនួន ៤ខ្សែ ដែល ត្រូវ ស្ថាបនា ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុង នោះ មាន ១-ឃុំ ផ្ទះ កណ្តាល សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៥ ម៉ែត្រ ទទឹង ៣ម៉ែត្រ នៅភូមិផ្ទះកណ្តាលក្រោម ភូមិចុងបឹង និងភូមិអូរលាវ។
២-ឃុំ ព្រែកពោធិ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិប្រថ្នល់។
៣-ឃុំ ព្រែករំដេង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៣១ម៉ែត្រ ទទឹង៣.៥ម៉ែត្រ នៅភូមិអូរឡេង ។
៤-ឃុំ ឫស្សីស្រុក សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២០០ម៉ែត្រ ទទឹង៤.៥ម៉ែត្រ នៅភូមិត្នោតលើ ៕