ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូ១គ្រឿងទៀតបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗ

(ខេត្តកែប)៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈម៉ូតូពីរគ្រឿងប៉ះទង្គិចគ្នាពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ៣៣។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៤នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចមុខសាលាស្រុកដំណាក់ចង្អើរ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក​ ស្រុកដំណាក់ចង្អើរ ខេត្តកែប រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅខ្វែងគ្នា។

យោងតាមប្រភពព័ត៌មាននៅកន្លែងគ្រោះថ្នាក់បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសដែលស្លាប់បាត់បង់ជីវិតជិះម៉ូតូម្នាក់ឯង ម៉ាកC125 ដោយឆ្លងផ្លូវពីត្បូងទៅជើង គាប់ជួនមានម៉ូតូ១គ្រឿងទៀតម៉ាកC125 ដូចគ្នា ទិសដៅមកពីលិចទៅកើត ហើយវ៉ាក់អ៉ើជាមួយម៉ូតូឆ្លងផ្លូវនោះ ទើបគេចមិនរួចក៏បុកគ្នាប្រាវ បណ្តាលឱ្យមានអ្នកស្លាប់និងរបួសធ្ងន់តែម្តង។ជុំវិញនឹងករណីគ្រោះថ្នាក់ចរាចរខាងលើ នគរបាលចរាចរណ៍ដែលកំពុងវាស់វែង បាននិយាយថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ​ ខេត្តកែប គាត់ជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពត 1H-7250 ។ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ យ៉ើ វណ្ណាសាលី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ​ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តកាតែវ ជិះម៉ូតូ ម៉ាកC125 ពណ៏ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ តាកែវ 1Y-1843។បច្ចុប្បន្ន បុរសដែលស្លាប់បាត់បង់ជីវិតត្រូវក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សម្រាប់ដោះស្រាយគ្នានៅពេលក្រោយ៕ សេង ណារិទ្ធ