ផ្សារណាត់ដែលសល់តាំងពីជំនាន់បារាំងមកម្លេះ ឥឡូវនេះជិតលេចរូបរាងថ្មីដោយក្លាយទៅជាផ្សារទំនើបខ្នាតតូចមុនដំបូងគេនៅក្នុងទឹកដីវ័យចំណាស់

តាកែវៈ ផ្សារណាត់ដែលសល់តាំងពីជំនាន់បារាំងមកម្លេះ ឥឡូវនេះជិតលេចរូបរាងថ្មីដោយក្លាយទៅជាផ្សារទំនើបខ្នាតតូចមុនដំបូងគេនៅក្នុងទឹកដីវ័យចំណាស់ ឋិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ខណៈដែលការសាងសង់ផ្សារថ្មីដោយអ្នកវិនិយោគថ្មីឈានដល់ការចាក់ប្លង់សេ សន្លឹកទី១ សម្រេចការសាងសង់បានជាង ៤០%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ និងឲ្យបងប្អូនអាជីវករចូលលក់តាមផែនការកំណត់នៅខែមេសា ឆ្នាំ២០២២ បុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

ថ្លែងក្នុងការចុះត្រួតពិនិត្យការចាក់ប្លង់សេសន្លឹកទី១ ផ្សារណាត់ជាមួយនឹងមន្រ្តីជំនាញនៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវបានបញ្ជាក់ថា​​ គម្រោងវិនិយោគផ្សារណាត់នេះកំពុងតែប្រព្រឹត្តទៅតាមផែនការបើទោះបីជាយើងកំពុងតែជួបនូវស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៍ក្ដី  ដោយអាជ្ញាធរក្រុងបានបង្កើតក្រុមការងារតាមដាន និងចុះត្រួតពិនិត្យជាប្រចាំមិនអោយមានការធ្វេសប្រហែសក្នុងការសាងសង់នោះទេ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការសាងសង់ស្របតាមបច្ចេកទេសស្តង់ដា និងសំណង់ប្រើប្រាស់បានយូអង្វែងជាពិសេសប្រព័ន្ធការពារសុវត្ថិភាពនៅក្នុងផ្សារផ្ទាល់តែម្ដង។

លោកអភិបាលក្រុងដូនកែវ បានបន្តលើកឡើងថា នេះជាសមិទ្ធិផលថ្មីស្រឡាងមួយទៀតនៅក្នុងទឹកដីក្រុងដូនកែវ ដែលកើតចេញពីផ្លែផ្កានៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យបណ្តាខេត្ត ក្រុងមួយចំនួនបាននឹងកំពុងមានការប្រកួតប្រជែងគ្នាក្នុងការអភិវឌ្ឍន៍ខេត្តរៀងៗខ្លួន ជាពិសេសគឺការប្រកួតយកផ្ការំដួល ៣ទង ទីក្រុងស្អាតនេះតែម្តង។ លោកអភិបាលក្រុងដូនកែវបានបន្តថា នេះក៏ជាការខិតខំប្រឹងប្រែងមួយដែររបស់អាជ្ញាធរដែលរកបានដៃគូវិនិយោគល្អៗមកធ្វើការវិនិយោគ និងអភិវឌ្ឍទីកន្លែងជាច្រើនដែលកំពុងមានការខ្វះខាតក្នុងការរៀបចំកែលម្អសោភ័ណ្ឌភាព ការលក់ដូរស្អាត ដូចជាផ្សារជាដើម ហើយក្នុងពេលនេះ យើងទទួលបានផ្សារណាត់មួយកន្លែងហើយ ក្លាយជាផ្សារទំនើបខ្នាតតូចមុនតំបូងគេក្នុងទឹកដីវ័យចំណាស់មួយនេះ។ លោកអភិបាលក្រុងដូនកែវបានសំដែងក្ដីរំពឹងថា គម្រោងវិនិយោគផ្សារណាត់នឹងសាងសង់រួចរាល់ទៅតាមផែនការ ហើយនៅពេលដែលការសាងសង់ផ្សារណាត់បានចប់សព្វគ្រប់ ផ្សានេះនឹងជួយលើកកម្ពស់មុខមាត់ក្រុងដូនកែវថែមទៀតជាក់ជាពុំខាន។ 

អ្នកមីង ហេង និងអ្នកមីង ទឹម សុភា ជាអាជីវករផ្សារណាត់បានសំដែងនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំងនៅពេលមានអ្នកវិនិយោគ បានធ្វើការវិនិយោគសាងសង់ផ្សារថ្មីជូនដល់បងប្អូនអាជីវករ ពីមុនមកផ្សារណាត់នេះជាផ្សារមួយចាស់មានសភាពទ្រុឌទ្រោម ដាក់ឆ័ត្របាំងនៅពេលមានភ្លៀងធ្លាក់មកពិបាកក្នុងការលក់ដូរណាស់ និងមួយវិញទៀតតូបផ្សាររបស់អាជីវករនៅមិនទាន់មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់បានត្រឹមត្រូវនៅឡើយទេ តែឥឡូវនេះអ្នកវិនិយោគផ្សារណាត់ថ្មីនេះ បានធ្វើការរៀបចំវាស់វែងប្លង់តូបជូនអាជីវករទៅតាមទំហំដែលបងប្អូនអាជីវករមាន និងថែមទាំងចេញនៅលិខិតបញ្ជាក់សំគាល់សិទ្ធិបានពេញលេញថែមទៀត ហើយថ្ងៃនេះផ្សារណាត់បាននឹងកំពុងចាក់ប្លង់សេសន្លឹកទី១ សាងសង់ស្របទៅតាមស្តង់ដាបច្ចេកទេស មានគ្រឹះ នឹងសរសៃដែកធំៗណាស់ ដែលសកម្មភាពទាំងនេះគឺជាចំណុចមួយធ្វើឲ្យបងប្អូនអាជីវករមានការជឿជាក់ខ្លាំងលើអ្នកវិនិយោគផ្សារថ្មីនេះ និងមានការគាំទ្រខ្លាំងចំពោះសមិទ្ធិផលថ្មីមួយនេះខ្លាំងណាស់ ។ 

អ្នកវិនិយោគផ្សារណាត់លោកស្រី ប្រាក់ ចាន់រដ្ឋា  ដែលត្រូវបានអាជីវករ និងមហាជនជាច្រើនទទួលស្គាល់ និងសរសើរថាជាអ្នកវិនិយោគផ្សារដែលមានគុណធម៌ សីលធម៌វិជ្ជាជីវៈ និងគំនិតអភិវឌ្ឍនោះ គឺគាត់បានធ្លាប់បានសាងសង់ផ្សារចំបក់នៅស្រុកបាទីផងដែរ ដោយគាត់បានដោះស្រាយជាមួយនឹងបងប្អូនអាជីវករបានយ៉ាងល្អ ហើយយល់ពីទុក្ខលំបាករបស់អាជីវករ ដោយពេលកន្លងមកនេះគាត់បានលើកលែងការយកភាសុីពីអាជីវករផ្សារចំបក់រយៈពេលពីរឆ្នាំហើយ។ 

ចំពោះផ្សារណាត់នេះវិញ គាត់បានបំពេញកាតព្វកិច្ចបានកាន់តែល្អ មិនធ្វើអោយបងប្អូនអាជីវករក៏ដូចជាអ្នកពាក់ពន័្ធនានាមានការលំបាក និងបាត់ទំនុកចិត្តឡើយ ដោយក្នុងកំឡុងពេលសាងសង់ផ្សារណាត់ថ្មីនេះ គឺលោកស្រីបាន​រៀបចំ និងជួលទីតាំងថ្មីសម្រាប់បងប្អូនអាជីវកលក់ដូរជាបណ្តោះអាសន្នបានសមរម្យបំផុត និងថែមទាំងរ៉ាប់រងចេញថ្លៃទឹក​ ថ្លៃភ្លើង ជូនអាជីវករប្រើប្រាស់ដោយមិនគិតថវិការឡើយ ក្នុងរយៈពេលនៃការសាងសង់ផ្សារ ១ឆ្នាំកន្លះនេះ។