រដ្ឋបាលខេត្តកំពង់ចាម រំលឹក ខួបលើកទី៦៨ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ឆ្នាំ២០២១ និង កំណេីត កងយោធពលខេមរភូមិន្ទ

កំពង់ចាម : រដ្ឋបាលខត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានប្រារព្ធ ពិធី រំលឹកខួបលើកទី៦៨ ថ្ងៃ បុណ្យឯករាជជាតិ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២១ និង អបអរ សាទរ ខួប អនុស្សាវរីយ៍ លើក ទី ៦៨ នៃទិវា កំណើត កងយោធពល ខេ ម ភូមិន្ទ បន្ទាប់ ពី កម្ពុជា ទទួលបានឯករាជ្យពេញបរិបូរពី អាណានិគម បារាំង នៅឆ្នាំ១៩៥៣ ។

ពិធីនេះ ត្រូវ បាន រៀបចំ ឡើង នៅបរិវេណសួនសាធារណ ខាងមុខសាលាគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ក្រោម វត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង ព្រះមន្ត្រីសង្ឃ ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានឡើងថា ការប្រារឰពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១ ) គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។ ទិវាបុណ្យ ឯករាជ្យជាតិ ៩-វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៦៨ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឹនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

ដោយឡែក ដើម្បី ផ្សាភ្ជាប់នឹងពិធីខាងលើ ក៏ដូចជា ការសម្ដែងនូវសេចក្ដីដឹងគុណ ដល់វីរយុទ្ធជន វីរៈយុទ្ធនារីកម្ពុជា ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ចែកជូនដល់អតីតយុទ្ធជន ចំនួន ៥០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូ មី ១កេសត្រីខ ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ ៕