សាហាវណាស់! មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែងម្នាក់ ត្រូវឃាតកសម្លាប់ នៅបន្ទប់ស្នាក់ការរដ្ឋបាលព្រៃឈើ

(ពោធិ៍សាត់)៖ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានឃាតកប្លន់សម្លាប់ដោយកាប់៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចយកសម្ភារមួយចំនួនធំ គេចខ្លួនបាត់ស្រមោល ដែលករណីនេះត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៣១យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកវាលវែង នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី  ឃុំប្រម៉ោយ  ស្រុកវាលវែង  ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់ភ្នាក់ងារ ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់  ខេត្តពោធិ៍សាត់។ 

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន៧កាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង (ក្នុងបន្ទប់លើគ្រែ)។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តថា សម្ភារដែលបាត់បង់រួមមាន៖ ម៉ូតូឌ្រីម ស៊េរី២០១៩ ព័ណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទដៃអាយហ្វូន ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់។

បច្ចុប្បន្នសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ បាននិងកំពុងធ្វើកោសល្យវិច្ច័យលើសាកសព ដើម្បីស្វែងរកមុខជនសង្ស័យ បង្កសំណុំរឿងចាត់ការតាមនីតិវិធី។ ចំពោះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ។ប្រភព​ហ្វេបុក​