អភិបាលខេត្តកំពត ទទួលជួបសម្របសម្រួល ដោះស្រាយបញ្ហា និងសំណូមពរជូនប្រជាពលរដ្ឋ និងសំណេះសំណាលជាមួយសប្បុរសជន

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បាន ទទួល ជួប សម្របសម្រួល ដោះស្រាយបញ្ហា និងសំណូមពរជូនប្រជាពលរដ្ឋ និង ជួប សំណេះសំណាល សប្បុរសជន ដែលឧបត្ថម្ភសម្ភារៈ និងថវិកា ដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅវេទិកាសាលាខេត្តកំពត។

 

ក្នុងឱកាសបើកវេទិកា និងទទួលនូវអំណោយឧបត្ថម្ភពីសប្បុរសជន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានសំដែងនូវក្តីរីករាយ ថែមទាំងបានលើកឡើងថា ការផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលខេត្តនាពេលនេះ ស្របពេលដែលប្រជាពលរដ្ឋជាច្រើនកំពុងជួបបញ្ហាខ្វះខាតស្បៀងអាហារ ក្នុងរដូវកាលកូវីដ-១៩។ ហើយចំពោះស្បៀងអាហារទាំងអស់នេះ លោកនឹងចែកជូនបន្តជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាលំបាក និងខ្វះខាតសម្រាប់ចែកជូនគាត់យកទៅដោះស្រាយជីវភាពប្រចាំថ្ងៃ។

 

សូមជម្រាបថា អំណោយដែលរដ្ឋបាលខេត្តកំពត ទទួលព្រឹកនេះរួមមាន៖ -លោកជំទាវ ឧកញ៉ា ចាន់ សុទ្ធា ឧបត្ថម្ភ អង្ករចំនួន១០តោន ទឹកស៊ីអ៉ីវ១០០យួរ មីចំនួន១០០កេស និងទឹកសុទ្ធចំនួន១០០កេស។

-លោក លី យូ និងលោក អេដឌី លឿង បានផ្តល់អង្ករចំនួន១០តោន ទឹកត្រី២០០យួរ ត្រីខ២០កេស មីចំនួន ២០កេសធំ និងទឹកសុទ្ធចំនួន១០០កេស។

-លោក លឹម ឆាវរ៉ាត់ និងភរិយា ឧបត្ថម្ភថវិកាចំនួន១២លានរៀល៕ សេង ណារិទ្ធ