ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបន្តចាក់វ៉ាក់សាំងដូសទី២ជូនពលរដ្ឋខកខានសល់នៅឃុំចំណោម

បន្ទាយមានជ័យ៖ពលរដ្ឋខកខានសល់មិនទាន់បានចាក់កន្លងមកនៅឃុំចំណោមស្រុកមង្គលបូរី ត្រូវបានក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបន្តចាក់វ៉ាក់សាំងដូសទី២ បង្ការការពារជម្ងឺកូវីដ១៩ ជូនកាលពីចុងសប្ដាហ៍ ខែវច្ឆិកា ឆ្នាំ២០២១ រយះពេល១ថ្ងៃពេញ។

ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន៣ក្រុមបានចុះដល់៣គោលដៅគឺ១ នៅវត្តសួនសិន្នារាមចំណោម។២ នៅវត្តតាសល់និង៣ នៅវត្តដងត្រាង ដើម្បីទទួលចាក់វ៉ាក់សាំងជូនពលរដ្ឋទាំងនោះ នេះយោងតាមការណែនាំ និងបទបញ្ជារពីលោកឧត្តមសេនីយ៍ត្រីបាន ប៊ុន មេបញ្ជាការកងរាជអាវុធហត្ថក្នុងខេត្តបន្ទាយមានជ័យ។

បន្ថែមលើនោះ ក្រុមគ្រូពេទ្យក៏បានបន្តចល័តចុៈទៅដល់គ្រែនិងផ្ទះ និមួយៗ ព្រមទាំងដល់ចំណុចប្រមូលម្តុំតូចៗនានាដើម្បីចាក់វ៉ាក់សាំងផងដែរ ។

កន្លងមក បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សមត្ថកិច្ច កងកម្លាំង លោកគ្រូអ្នកគ្រូ យុវជន យុវវ័យនិងកុមារនៅទាំង១៨ភូមិ ក្នុងឃុំចំណោមបានទទួលការចាក់វ៉ាក់សាំងបង្ការការពារជម្ងឺកូវីដ១៩ ក្នុងយុទ្ធនាការបន្តបន្ទាប់ដែលចាក់ដោយគ្រូពេទ្យនៃមន្ទីរសុខាភិបាល គ្រូពេទ្យនៃយោធាចំណុះយោធភូមិភាគទី៥ នៃនគរបាលខេត្ត ។

ប៉ុន្តែ ក៏នៅសេសសល់អ្នកខ្លះ នៅមិនទាន់បានចាក់វ៉ាក់សាំង ដោយសារមានមូលហេតុដូចជា ចំណាកស្រុក មានជម្ងឺ មានផ្ទៃពោះ និងផ្សេងទៀត ។

លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំចំណោមបានអោយដឹងថា៖ សម្រាប់ពលរដ្ឋនិងអ្នកពាក់ព័ន្ធ ហើយកបានចាក់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់សាំង(SinoVac) បានចំនួន៣៨៨នាក់។

ហេតុនេះ ក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាលរបស់បញ្ជាការដ្ឋានបានទៅជួយចាក់លើកទី២ ជូន។ក្នុងនោះ ក្រុមការងារ ចាក់បានចំនួន ១០០ប្លាយនាក់តាមគោលដៅនីមួយៗ និងចំនួន រាប់សិបនាក់ទៀតនៅតាមផ្ទះនិងចំណុចប្រមូលផ្តុំ។

លោកមេឃុំ មេភូមិនិងបងប្អូនជាអ្នកទទួលផល បានថ្លែងអំណរ គុណជាពិសេសជូនចំពោះសម្តេចអគ្គមហាសេនាបតិតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល និងថ្លែងអំណរគុណក្រសួងសុខាភិបាល ប្រទេសម្ចាស់ជំនួយ ព្រមទាំងគ្រូពេទ្យនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលបានយកចិត្តទុកដាក់ចំពោះសុខុមាលភាពពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងដែលបានផ្តល់ការចាក់វ៉ាក់សាំងជូនដោយឥតគិតថ្លៃ ៕ដោយ៖ឃិន គន្ធា