ប្រធានសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង ស្នើថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ ជួយពន្លឿនលើយន្តការដោះស្រាយដីធ្លី សម្រាប់បែងចែកជូនអតីតយុទ្ធជន គ្រាដែលផ្ទៃដីដែលត្រូវបែងចែក កំពុងប្រឈម និងប៉ះពាល់លើការកាន់កាប់ពីប្រជាពលរដ្ឋ

0

ខេត្តស្ទឹងត្រែង៖ ការស្នើសុំរកកិច្ចអន្តរាគមន៍ ដោះស្រាយបញ្ហាប្រឈមដីធ្លីពី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង បានធ្វើក្នុងពិធីប្រការទទួលស្គាល់ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣ធ្នូឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង។

ពិធីនោះទៀត បានធ្វើឡើងក្រោមអធិបតីភាព លោក ចាន់ លំផាត់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា  តំណាងលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគម និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានការចូលរួមពី អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង និងថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រុង ស្រុក សរុប ប្រមាណជាង ៤០០នាក់។

យោងតាមសេចក្តីសម្រេចរបស់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសទទួលស្គាល់ លោក ស្វាយ សំអ៊ាង ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ជំនួស លោក ម៉ុម សារឿន អតីតអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគម ដែលត្រូវផ្លាស់ទៅក្រសួងមហាផ្ទៃ និង លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច ជាអនុប្រធានសមាគមអតីតយុទ្ធជន ខេត្តស្ទឹងត្រែង ជំនួស លោក ស៊ា គឹមសែ ដែលត្រូវចូលនិវត្តន៍។

ប្រធានសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង​ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងថា គិតចាប់ពីថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០២១ ​សមាជិកសមាគមគ្រប់ប្រភេទ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ សមាគមអតីតយុទ្ធជនខេត្ត មានចំនួន ១ពាន់ ២៤៣នាក់ ក្នុងនោះស្រី ១៧០នាក់ អតីតយុទ្ធជន ដែលបានចូលជាសមាជិកសមាគម មានចំនួន ១ពាន់ ១២នាក់ ស្រី ២៨៩នាក់ ក្នុងនោះមាននិវត្តន៍ជន ៨០៦នាក់ ជាសមាជិកសមាគមខេត្ត ៧៨០នាក់ ជនបាត់បង់សមត្ថភាពការងារ ២៣នាក់ ជាសមាជិកសមាគម ២៣នាក់ ជនពិការ ៧៩នាក់ ដែលជាសមជិកសមាគម គ្រួសារពលី ១៩១នាក់ ជាសមាជិកសមាគម ៩៦នាក់ គ្រួសារជនមរណៈ ១៤៤នាក់ ជាសមាជិកសមាគម ៣៤នាក់ ជនពិការប្រភេទ១ ដែលទទួលបានថវិកា តិចជាង ១លានរៀល មានចំនួន ៣នាក់។ លោកបន្តថា សមាគមអតីតយុទ្ធជនខេត្ត បានបង្កើតឡើងនៅថ្ងៃទី២កញ្ញាឆ្នាំ២០១៥ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិកគណៈអចិន្ត្រៃសមាគមអតីតយុទ្ធជនកម្ពុជា។ លោកថា នៅក្នុងឆ្នាំ២០២១នេះ សមាជិកសមាគម ដែលទទួលមរណភាពដោយសារចាស់ជរាមានចំនួន ២២នាក់។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានសំណូមពរដល់គណៈកម្មាការសមាគមខេត្ត ក្រុង ស្រុក និងសប្បុរសជន មេត្តាជួយគាំទ្រសម្ភារៈ និងថវិកា ដើម្បីទ្រទ្រង់សមាគម ,លោកឧត្តមសេនីយ៍ បានស្នើដល់ថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ ពិសេស អគ្គលេខាសមាគម ​សូមជួយដោះស្រាយគោលនយោបាយដីធ្លី សម្រាប់បែងចែកជូនអតីតយុទ្ធជន ដែលមានជាង ៤០០គ្រួសារ ព្រោះត្បិតពេលនេះ សមាគមមិនទាន់បានធ្វើការបែងចែក ជូនអតីតយុទ្ធជននៅឡើយ ដោយចាប់គិតពីឆ្នាំ២០១៥ រហូតមកដល់ឆ្នាំ២០២១នេះ ដោយសារដីទាំងនោះនៅមានបញ្ហាប្រឈម ហើយនៅចំពោះមុខ ស្នើបែងចែកដី និងសង់ផ្ទះ ២៩ខ្នងស្មើ ២៩ខ្នងជាជំហ៊ានដំបូង ក្នុងចំណោម ៩៣គ្រួសារ សម្រាប់អតីតយុទ្ធជនដែលលំបាក។

អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែងថា ផ្សារភ្ជាប់ជាមួយនឹងការងារនារពេលកន្លងមក និងពិធីដ៏មានអត្ថន័យនាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់នូវភក្តីភាព និងការយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះអតីតយុទ្ធជនគ្រប់រូបរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសម្រេចបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា នេះឡើង ក្នុងការជួយគាំទ្រ និងការឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន នៅទូទាំងប្រទេស ក្នុងនោះក៏មានខេត្តស្ទឹងត្រែងយើងនេះ ផងដែរ។

លោកបន្តថា ក្នុងនាមរូបលោកផ្ទាល់ជាថ្នាក់ដឹកនាំខេត្ត មានក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រប់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធនៅក្នុងខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅក្នុងខេត្ត នឹងខិតខំបន្តចូលរួមចំណែកយ៉ាងសកម្ម សហការ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្ត ឲ្យបានកាន់តែមានភាពល្អប្រសើរថែមទៀត ដើម្បីជួយដោះស្រាយបញ្ហា ក៏ដូចជាការខ្វះខាតរបស់អតីតយុទ្ធជន នៅក្នុងខេត្តស្ទឹងត្រែង ឲ្យបានកាន់តែល្អប្រសើរថែមទៀត។

លោក ស្វាយ សំអ៊ាង បានប្តេជ្ញាចិត្តថា ចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មការសមាគមអតីតយុទ្ធជនខេត្ត ឲ្យកាន់តែល្អប្រសើរ និងអនុវត្តភារកិច្ចឲ្យកាន់តែសកម្ម ដើម្បីបម្រើផលប្រយោជន៍ជាច្រើនទៀត ចំពោះសមាជិកអតីតយុទ្ធជនរបស់យើង ,ពង្រឹងពង្រីកសមាជិកភាពនៃរចនាសម្ព័ន្ធ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងគោលការណ៍ លក្ខខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​ ,បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងគណៈកម្មការសមាគមខេត្ត គ្រប់លំដាប់ថ្នាក់ ក្នុងការជម្រុញការអនុវត្តតួនាទី ឲ្យបានល្អប្រសើរក្នុងការសម្រេច នូវភារកិច្ច ក្នុងនាមគណៈកម្មការសមាគមកម្ពុជា ដើម្បីរួមចំណែក ជួយដោះស្រាយបញ្ហាលំបាកនានា​ នូវគ្រប់កាលៈទេសៈ ជូនអតីតយុទ្ធជនខេត្ត និងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីគៀងគររកធនធានហិរញ្ញវត្ថុ សម្ភារៈ ស្បៀងអាហារ ក្នុងការផ្គត់ផ្គង់គាំទ្រ ដោះស្រាយបញ្ហាលំបាក ជូនបងប្អូនអតីតយុទ្ធជន សមាជិតអតីតយុទ្ធជននៅគ្រប់មូលដ្ឋាន នៅខេត្តស្ទឹងត្រែង។

សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា លោក ចាន់ លំផាត់ បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជននោះទេ ព្រោះត្បិតសម្តេចទាំងទ្វេរ នៅតែនឹកឃើញជានិច្ច ចំពោះអតីកាល ដែលធ្លាប់រួមអាវុធជាមួយគ្នា ហើយសម្តេចតេជោ ក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ ផងដែរ។

លោក ចាន់ លំផាត់ បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់ មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ គឺលោកបានណែនាំ និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ឬការលំបាក ក្នុងជីវភាពរស់នៅ របស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនឲ្យបានល្អ ថែមទៀត។  លោកបានជម្រុញ មេប៉ុស្តិ៍នគរបាលរដ្ឋបាល មេឃុំ ចៅសង្កាត់ ត្រូវចាត់មន្ត្រីណាម្នាក់ ឲ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថា បងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពី ប្រមុខរាជរដ្ឋាភិបាល ព្រោះត្បិតការលះបង់សាច់ស្រស់ ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន គឺមានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនជាតិ មាតុភូមិ។

ក្នុងឱកាសនោះផងដែរ លោក ចាន់ លំផាត់ បាននាំយកនូវអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនអតីតយុទ្ធជនចំនួន ៧០នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ៣០ គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ និង ថវិកា ៦ម៉ឺនរៀល ថែមទៀតផង៕ ដោយ៖ឡុង សំបូរ