លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវឧបត្ថម្ភអំណោយជា កង់ ស្បៀងអាហារ និងថវិកា ជូនដល់បុរសពិការរស់នៅខេត្តព្រៃវែង

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ាទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុនិងលោកជំទាវ ហេង គីមជី នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឧបត្ថម្ភអំណោយជា កង់ ស្បៀងអាហារ និង ថវិកា ជូនដល់បុរសពិការមួយរូប មានជីវភាពក្រីក្រខ្វះខាត ចិញ្ចឹមកូន២នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅ ខេត្ត ព្រៃវែង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះ លោកឧកញ៉ា បានចាត់ក្រុមការងារ នាំយកទៅ ជូនដល់លំនៅដ្ឋានគ្រួសារបុរសពិការរូបនេះ នៅភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកឧកញ៉ា ឲ្យដឹងបន្ថែមថា បុរសពិការរូបនេះមានឈ្មោះ ឡឹក សារ៉ាវន់ អាយុ៤១ឆ្នាំ សព្វថ្ងៃរស់នៅចិញ្ចឹមកូន២នាក់តែឯង ដោយប្រពន្ធចេញទៅធ្វើការនៅប្រទេសជិតខាងហើយក៏បាត់ដំណឹងដល់សព្វថ្ងៃ។ដោយជីវភាពក្រីក្រលំបាកខ្លាំងពេក និងកូនៗរបស់រូបលោកត្រូវធ្វើដំណើរទៅរៀនឆ្ងាយជារៀងរាល់ថ្ងៃ ទើបបុរសពិការខាងលើបានស្នើ សុំ ជំនួយពីលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានចាត់ក្រុមការងារ នាំយកអំណោយទៅឧបត្ថម្ភដល់គ្រួសារបុរសពិការខាងលើ មានដូចជា៖-

កង់ចំនួន២គ្រឿង សំរាប់ផ្តល់ជូនកូនទាំង២ នាក់ជិះធ្វើដំណើរទៅសាលារៀន។-អង្ករ ចំនួន ៣ បាវ ស្មើ១៥០គីឡូ ក្រាម-មី ចំនួន ៣កេស។-ទឹកស៊ីអ៊ីវ ចំនួន ៣យួរ-ស្ករស ចំនួន ៤គីឡូក្រាម.បីចេងចំនួន២គីឡូក្រាម-ត្រីខ ចំនួន ១កេសធំ-និង ថវិកា ចំនួន ៥លានរៀល។

បុរសពិការខាងលើ បានគោរពថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលបាន ឧបត្ថម្ភដល់គ្រួសាររបស់គាត់ និងបានគោរពជូនពរលោកឧកញ៉ា និងលោកជំទាវព្រមទាំងក្រុមគ្រួសារ ជួបតែ សេចក្តីសុខចំរើន៕

(ដោយនាគសមុទ្រ)