សម្ដេចតេជោគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនៅថ្ងៃស្អែក

0

ខេត្តព្រះសីហនុ៖សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នា រសៀលថ្ងៃអង្គារ១រោចខែបុស្សឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៨ខែមករាឆ្នាំ២០២២បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុង ព្រះសីហនុ។ ដែលកម្មវិធីនេះមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នអង្គ ការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាច្រើនទៀតផងដែរ។

តាមរបាយការណ៍របស់ឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានដឹងថាវេទិកាទេសចរណ៍ អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ វេទិកា ទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសស មាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយ ប្រហារយ៉ាង ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។ វេទិកាទេសចរណ៍អាស៊ាននេះ នឹងក្លាយជា ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ព្រឹត្តិការណ៍ អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមានថ្នាក់ដឹកនាំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ។សម្តេចតេជោបានមានប្រសាសន៍ថាដំណើរការបើកប្រទេសឡើងវិញរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តស្តីពីការរស់នៅតាមបែបគន្លងថ្មីរួមទាំងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជាជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី។សម្តេចតេជោបានប្រកាសគាំទ្រក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ ពេលនេះ និងប្រកាសគាំទ្រនូវទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរដល់ប្រទេសថៃ ដែលបានអនុវត្ត ជាមួយ ប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ក្នុងការធ្វើដំណើរមកចូលរួមវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅពេលនេះតាមផ្លូវគោក និងផ្លូវអាកាសទោះបីជាប្រើពេលវេលាវែង និងបំពេញ បែបបទធ្វើដំណើរបន្ថែមក្នុងបរិបទកូវីដ-១៩ យ៉ាងណាក៏ដោយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជាពិតជាមានសេចក្តីរីករាយដោយ សង្កេត ឃើញការបើកប្រទេសឡើងវិញជាបណ្ដើរៗ នៅតាមបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសការរួម សាមគ្គីគ្នា និងសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិក្នុងការឆ្លើយតបទៅ នឹងការប្រឈមរួមរបស់តំបន់ និងសាកលលោក។

ក្នុងឱកាសនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែក និងផ្ដល់នូវអនុសាសន៍មួយ ចំនួន ដូច ខាងក្រោម: ១- ការបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចពេញលេញឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមកន្លងប្រក្រតីភាពថ្មីសម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដែលហៅថាស្ថានភាពទីផ្សារទេសចរណ៍ និងមានភាពតូចចង្អៀតជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំង លើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្មតម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាព នៃគោលដៅ ទេសចរណ៍ វិធានការក្នុងការទប់ស្កាត់គ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩និងការសម្រួលដល់ការធ្វើដំណើរ។ ចំណុចនេះគឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី។ ក្នុងន័យនេះ ផែនការស្ដារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិកូវីដ-១៩ នឹងក្លាយទៅជាគន្លឹះយុទ្ធ សាស្ត្រសំខាន់សម្រាប់ការធ្វើឲ្យដំណើរការឡើងវិញជាបណ្ដើរៗនៃការទទួលភ្ញៀវទេសចរអន្តរជាតិកដោយឈរលើគោលការណ៍រក្សាបាននូវគោលដៅរវាងសកម្មភាពសង្គមសេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសា ធារណៈជាមួយនឹងកិច្ចខិតខំក្នុងការវិលត្រឡប់ឲ្យបានឆាប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជនអាស៊ាន។

២.សម្ដេចតេជោគាំទ្រគំនិតផ្តួចផ្តើមសម្រាប់បណ្ដាប្រទេសអាស៊ានក្នុងការរៀបចំអនុវត្តវិធានការសុខាភិបាលក្នុងសហគមន៍ទេសចរណ៍ដែលជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការធានាជូនដំណើរអាជីវកម្មទេសចរណ៍ឡើងផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួមជាអតិបរមា។ កម្ពុជាបច្ចុប្បន្ន បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការសុវត្ថិភាពវិធីប្រតិបត្តិស្ដង់ដារសម្រាប់ប្រតិបត្តិលើការបើកដំណើរការអាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

៣- ក្នុងរយៈពេលដ៏ខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀតស្របតាមទស្សនៈ អាស៊ានដើម្បីអាស៊ានហើយសម្តេចគាំទ្រទាំងស្រុងនូវគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាបើកតំបន់ទាំងមូលដើម្បីទទួលបាននូវការស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្ដេចគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានពិភាក្សាគ្នានិងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ាន ឡើងវិញ នៅថ្ងៃស្អែកចេញពីក្រុងព្រះសីហនុតែម្តង។ដើម្បីធានាបាននូវជោគជ័យនៃការបើកទទួលទេសចរអន្តរជាតិឡើងវិញគឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់និងទំនុកចិត្តថាជាគោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាពដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។សម្ដេចតេជោគាំទ្រនូវកម្មវិធីទេសចរណ៍វ៉ាក់សាំងដែលបានដាក់ចេញតាមរយៈបណ្ដាប្រទេសអាស៊ាននិងគាំទ្រលើការដាក់ចេញយុទ្ធនាការអាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។៤- រដ្ឋមន្ត្រីទេសចរណ៍អាស៊ានប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំ អង្គការទេសចរណ៍ពិភពលោក ព្រមទាំង សមាគមទេសចរណ៍អាស៊ាន គួរបន្តពង្រឹងអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តប្រកបដោយកិច្ច សហប្រតិបត្តិការ ដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ល្អៗជុំវិញការទាក់ទាញនិងការអភិវឌ្ឍទេព កោសល្យ ដោយគិតគូរផងដែរនូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេងនិងជួយគាំទ្រសិប្ប កម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ ពីនាវានុវត្តការភ្ជាប់ឌីជីថលនិងបដិវត្តឧស្សាហកម្មដើម្បីអភិវឌ្ឍទេសចរណ៍អាស៊ានប្រកបដោយភាពឆ្លាតវៃចីរភាព និងបរិយាប័ន្ន។ ៥- អាស៊ានត្រូវរួមគ្នាជំរុញមើលឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយភាពធន់ និងឆ្ពោះ ទៅអនាគតកាន់តែប្រសើរជាងមុនប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន ។ ក្នុងន័យនេះ សម្ដេចតេជោ សូមអំពាវនាវឲ្យអាស៊ានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាពជាដៃគូឯកជនក្នុងប្រទេសក្នុងតំបន់និងពិភពលោកឆ្ពោះទៅរកភាពរីកចម្រើនវិស័យទេសចរណ៍ប្រកបដោយភាពធន់តាមកន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាពរបស់អាស៊ានទាំងមូល៕

(ដោយ នាគសមុទ្រ)