ឯកឧត្តម ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ខេត្តព្រះសីហនុ ដែលគ្រប់គ្រងសមុទ្របានល្អ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក និងប្រតិភូអមដំណើរនារសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២ បានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម គួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដើម្បីពិភាក្សាអំពីការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនឯកឧត្តមអគ្គ នាយក ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោកថា រយៈពេលពីរឆ្នាំកន្លងមក ដោយសារវិបត្តិកូវីដ យើងមិន បានធ្វើការចែករំលែកបទពិសោធន៍អំពីសមុទ្រ ហើយថ្ងៃនេះបានជួបនឹងឯកឧត្តម អគ្គនាយកក្លឹបឆ្នេរ ស្អាត ដែល ជាស្ថាបនិកបានអញ្ជើញមកចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅខេត្ត ព្រះសីហនុ សង្ឃឹមថា ឯកឧត្តម នឹងជួយចែករំលែកនូវបទពិសោធន៍ល្អៗ និងថ្មីៗដល់ខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា យើងមានសក្តានុពល ប៉ុន្តែយើងខ្វះធនធានមនុស្សក្នុងការកែ ឆ្នៃអភិ វឌ្ឍប្រកបដោយចីរភាព។ ខេត្តព្រះសីហនុចង់បានបទពិសោធន៍គ្រប់គ្រងបរិស្ថានបានយូរអង្វែង ដើម្បីបំរើផល ប្រយោជន៍សេដ្ឋកិច្ច និងសុំឱ្យឯកឧត្តមអគ្គនាយកជួយបង្កើតព្រឹត្តិការណ៍នានានៅខេត្តព្រះសីហនុ ដើម្បីទាក់ ទាញទេសចរណ៍។

ឯកឧត្តម ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក បានមាន ប្រសាសន៍ថា នេះជាដំណើរទីមួយមកកាន់ខេត្តព្រះសីហនុ បន្ទាប់ពីជំងឺកូវីដ ដែលរងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារមនុស្សធម៌។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ខេត្តព្រះសីហនុ ដែលគ្រប់ គ្រង សមុទ្របានល្អ ដែលធ្វើឱ្យលោកមកកាន់ទីនេះដោយមានការអញ្ជើញពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ហើយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងការបើកវេទិកាទេសចរណ៍ លើកទី៤០ ឆ្នាំ២០២២ (ATF 2022) ពិតជាត្រឹមត្រូវ។ កម្ពុជា ជាប្រទេសដែលមានវប្បធម៌ មានប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះគឺបានបង្ហាញឱ្យអន្តរជាតិបានឃើញថា កម្ពុជាបានចាត់វិធានការយ៉ាងខ្ជាប់ខ្ជួនក្នុងកាទប់ស្កាត់ជំងឺកូវីដ-១៩ ហើយបណ្តាប្រទេសនៅលើពិភពលោក កំពុងមានការប្រឈម។ អ្វីទាំងនេះជាកិត្តិយសសម្រាប់ខេត្តព្រះសីហនុ ដែលប្រកាសបើកទេសចរណ៍ផ្ទៃ ក្នុង អាស៊ានឡើងវិញ។

ឯកឧត្តមបានបញ្ជាក់ថា ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងលើព្រៃកោងកាងដុះក្នុងសមុទ្រ ព្រោះវាបានជួយ ការ ពារជម្រកមច្ឆាជាតិ អាចស្រូបយកឧស្ម័នកាបូនិក និងការបំពុលបរិស្ថាន ព្រមទាំងផ្លាស្ទិកបានថែម ទៀត ផង។ សូមឱ្យកម្ពុជាព្យាយាមរក្សាតុល្យភាពទាំងអស់នេះឱ្យបានល្អ។ យើងនឹងធ្វើការផ្លាស់ប្តូរប្រធានបទសមុទ្រ និងការអនុវត្តជាក់ស្តែងតាមប្រទេសនីមួយៗយើងត្រៀមរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនៅខេត្តព្រះសីហនុនាចុងឆ្នាំ២០២២ខាងមុខជានិមិត្តរូបផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងភ្ញៀវបរទេសមកស្គាល់សម្បត្តិធម្មជាតិឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ទន្ទឹមនោះយើងត្រូវរួមគ្នាការពារបរិស្ថាន និងអភិវឌ្ឍសង្គមឱ្យកាន់តែល្អប្រសើរ៕

(ដោយនាគសមុទ្រ)