ក្រុមក្មេងស្ទាវរត់ជាន់ជើងគ្នាទាំងយប់ភ្លើងឆេះក្លឹបឌីស្កូជាន់ទី៤

0

អត្ថបទនិងរូបភាព លោក ព្រាប ស

ខេត្តបាត់ដំបង៖ ក្លឹបឌីស្កូមួយកន្លែង ដែលគេដឹងថាជាទីកន្លែងប្រមូលផ្តុំក្រុមយុវវ័យ និងជាកន្លែងរបស់កូនមន្ត្រីប៉ូលិសឋាន:អធិការមួយរូប ត្រូវបានអគ្គីភ័យឆាបឆេះទាំងរំលងអាធ្រាត្រ បណ្តាលអោយក្រុមក្មេងស្ទាវ និងពពួកយុវវ័យរត់ជាន់ជើងគ្នាពីជាន់លើចុះមកក្រោម ដើម្បីរកកន្លែងសុវត្ថិភាព។
ករណីអគ្គីភ័យមួយនេះ បានកើតឡើងនៅវេលាម៉ោង ២ និង ៣០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៨១ ក្រុមទី ០៤ ភូមិ រំចេក៥ សង្កាត់ រតនៈ ក្រុង បាត់ដំបង ដែលជាភោជនីយដ្ឋាន ឬជាក្លឹបកំសាន្ត យីហោ ឌឺអូវើថែម ស្ថិតនៅជាន់ទី៤ ដែលមានទំហំ២០មx១៧ម របស់ឈ្មោះ នី សារ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ។
លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា នៅពេលកើតហេតុនោះ គឺក្លឹបកំពុងដំណើរការ ដែលធ្វើអោយក្រុមយុវវ័យរត់ប្រសេចប្រសាច ដើម្បីរកផ្លូវចុះមកក្រោម ដោយសារតែទីតាំងនេះស្ថិតនៅជាន់ទី៤ ។
ដោយឡែកប្រភពផ្សេងទៀតក៏បាននិយាយថា ម៉ោងនេះគឺជាម៉ោងដែលមនុស្សទូទៅកំពុងសម្រាកយ៉ាងលង់លក់ទៅហើយ ចំឡែកអីនៅកន្លែងកើតហេតុ ដែលប្រមូលផ្តុំដោយក្រុមក្មេងស្ទាវ ម្តេចក៏មិនងងុយដេកបែបនេះ ដោយម្នាក់ៗហាក់បីដូចជាកំពុងសប្បាយគ្មានខ្វល់អ្វីទាំងអស់។
យោងតាមរបាយការរបស់សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារខូចខាត គឺភោជនីយដ្ឋាន ១ ខ្នង ទំហំ ២០ម × ១៧ម សង់អំពីថ្ម កំពស់៥ជាន់ ( ឆេះបន្ទប់ជាន់ទី ៤ចំនួន១បន្ទប់មានទំហំ ២០ម × ១៧ម និង សម្ភារប្រើប្រាស់ក្នុងបន្ទប់ មួយចំនួន បើគិតជាទឹកប្រាក់ប្រហែល ២៨.០០០ ដុល្លារ ( ពីរមុឺនប្រាំបីដុល្លារ ) ។
ដោយបច្ចុប្បន្ន ទីតាំងនេះសមត្ថកិច្ចកំពុងដាក់កម្លាំង ធ្វើការស្រាវជ្រាវ ព្រោះនៅពេលនោះដែរ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តចំនួន៤គ្រឿង រហូតគ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោង ៤ និង ០៥ នាទី ទៀបភ្លឺ ៕