ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ថវិកាធានារ៉ាប់រងសង្គម៥០លានរៀលជូនគ្រួសារសពអតីតយុទ្ធជនចំនួន៦គ្រួសារ

ខេត្តកំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នឹងថ្នាក់ដឹកនាំនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយកថវិកាធានារ៉ាប់រងសង្គម ៥០លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពលីចំនួន៦គ្រួសារ រស់នៅក្នុងក្រុងស្ទឹងសែន ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ។
លោកស្រី កែវ ចន្ឋូ ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជន ខេត្តកំពង់ធំ បានជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជន អំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារនីមួយៗត្រូវទទួលបាន ទៅតាមឋានន្តរសក្តិ និងអតីតភាពការងាររបស់សព អតីតយុទ្ធជននីមួយៗ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធទៅកាន់សុគតិភព និងបានបញ្ចាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជន មានដូចជាបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែង ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នៅប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋនានាដោយឥតគិតថ្លៃ ។
ចំណែកថវិកាធានារ៉ាប់រងសង្គម ដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន គឺជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់គ្រួសារសពអតីតយុទ្ធជន និងបានផ្ដាំផ្ញើដល់គ្រួសារសពអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ឲ្យជៀសផុតពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារនិង៣កុំ ក្រុមគ្រួសារសពអតីតយុទ្ធជនទាំង៦គ្រួសារ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ដើម្បីមើលថែទាំសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងសូមគោរពជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវពុទ្ធពរទាំងឡាយ៥ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ ប៊ុន រដ្ឋា