រថយន្តរេចង្កូត ក្រឡាប់សង្កត់អ្នកបើកបរម៉ូតូ បង្កអោយមានអ្នកស្លាប់ និងរបួស

0

អត្ថបទនិងរូបភាព :ព្រាប ស
ខេត្តបាត់ដំបង: យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ដែរ ដែលបានស្លាប់ និងមួយចំនួនទៀត រងរបួស បន្ទាប់ពីមានរថយន្តមួយគ្រឿង បានបោះពួយយ៉ាងលឿន ហើយបានរេចង្កូតក្រឡាប់កណ្តាលផ្លូវនិងបានប៉ះទៅលើភាគីម៉ូតូដែលកំពុងបើកបរអត់ដឹងខ្យល់អីសោះ។
តាមការអះអាងពីលោក សេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ១០ នាទី ព្រលប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៥៧B ត្រង់ចំណុចក្រុមទី៣៣ ស្ថិតក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោកអធិការបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើង រវាងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ព៌ណខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AE-7678 បើកបរដោយឈ្មោះ ធឿន ប៊ុនយ៉ាន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គលើ ឃុំខ្នាចរមាស ស្រុកបវេល និងអ្នករួមដំណើរ ឈ្មោះ បិត ចិន្តា ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល។ ដោយឡែករថយន្តធុនតូចម៉ាកនីសាន់ ព៌ណស ស៊េរី២០០៦ ពាក់ស្លាកលេខ បាត់ដំបង 2C-1446 បើកបរដោយឈ្មោះ ខិត សុភ័ណ្ឌ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ដោយមានអ្នករួមដំណើរ២នាក់ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ បានលើកឡើងថា ហេតុការណ៍ខាងលើ គឺបណ្តាលមកពីរថយន្តដែលកំពុងបោះពួយយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត បានរេចង្កូតធ្វើអោយរថយន្តក្រឡាប់កណ្តាលផ្លូវ សង្កត់ទៅលើម៉ូតូដែលកំពុងបើកបរច្រាស់ទិសគ្នា ធ្វើអោយភាគីអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់នៅនិងកន្លែងទាំងពីរនាក់តែម្តង រីឯមនុស្សនៅក្នុងរថយន្តក៏មានអ្នករងរបួសជាច្រើននាក់ផងដែរ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនមធ្យោបាយធ្វើដំណើរទាំងពីរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកហើយ និងសពក៏បានប្រគល់ទៅអោយក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយពេលនេះដែរកម្លាំងជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តដើម្បីអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕