បុរសម្នាក់ប្រកបរបរឡើងដើមត្នោត អកុសលគាំងបេះដូងស្លាប់ ខណៈកំពុងគាបផ្កាត្នោតយកទឹក!

0

ខេត្តកណ្តាល៖ ព្រោះតែជីវភាពក្រក្សត់ ធ្វើឲ្យបុរសម្នាក់ប្រកបមុខរបរឡើងត្នោត ស្លាប់បាត់បង់ជីវិតទៅយ៉ាងអណោចអធ័ម នៅលើដើមត្នោត ចោលប្រពន្ធ និងកូន ខណៈពេលកំពុង គាបផ្កាត្នោតយកទឹក មកលក់ដើម្បីចិញ្ចឹមក្រពះប្រចាំថ្ងៃ ទាំងខ្លួនមានជម្ងឺបេះដូងប្រចាំកាយ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង០៧ ព្រឹកថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២២ ក្នុងបរិវេណសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

អធិការនគរបាលក្រុងតាខ្មៅ លោកវរសេនីយ៌ឯក យី វណ្ណដា បានឲ្យដឹងថា ៖ យោងតាមការបំភ្លឺរបស់គ្រូគរុសិស្សដែលរៀននៅសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២២វេលាម៉ោង៧និង៣០នាទីព្រឹក បានឃើញជនរងគ្រោះមកឡើងត្នោតនៅសាលាគរុកោសល្យជាប្រចាំ ប្រហែលកន្លះម៉ោងមក ក៏ឃើញធ្លាក់ធៀបគាបទឹកត្នោតចុះក្រោម ក៏មើលជនរងគ្រោះពីលើដើមត្នោតឃើញដេកនៅលើដើមត្នោតនិង ក៏សង្ស័យបានស្រែហៅតែមិនឆ្លើយតប បានប្រាប់សមត្ថកិច្ចឲ្យចុះមកមើល ហើយបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះ ខាងក្រុមគ្រួសារជនរងគ្រោះបានមកដល់ ក៏បានឡើងទៅលើដើមត្នោត យកខ្សែចងយោងជនរងគ្រោះចុះក្រោម បន្ទាប់មកក៏នាំគ្នាជួយសង្គ្រោះរឹងទ្រូង និងធ្វើចលនាបេះដូង ហើយបានទាក់ទងទៅឡានពេទ្យ ពេលមកដល់ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកសមត្ថកិច្ចចុះមកពិនិត្យ ហើយក៏ដឹកជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ផងដែរថា៖ ជនរងគ្រោះមានឈ្មោះ អាន វណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ឡើងត្នោត ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះស្លាប់ដោយសារខ្យល់គ (គាំងបេះដូង)៕