ក្រុងពលីបើកការដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យ៖ ការអភិវឌ្ឍន៍កន្លែងណាមួយ គឺតែងតែមានផលប៉ះពាល់រំខានដល់ការប្រកបរបរ រកស៊ីរបស់បងប្អូនខ្លះហើយ ដូចនេះតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការនិងដឹកជញ្ជូនក្នុងពិធីក្រុងពលី បើកការដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាបជំហាន 2 នាព្រឹកថ្ងៃសុក្រ 10កើតខែមាឃឆ្នាំឆ្លូវត្រីស័ក ព.ស 2565 ត្រូវនឹងថ្ងៃទី 11 ខែកុម្ភៈឆ្នាំ 2022។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានមានមតិចូលរួមជាបច្ចេកទេសបញ្ជាក់ថា គម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹកភ្លៀង ព្រមទាំងសាងសង់ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ទទួលការសាងសង់ដោយក្រុមហ៊ុន Beijing urban construction group co,LTD (BUCG) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Romboll Denmark A/S In Joint Venture With Oriental Consultant and Sec In Association With Tancons ចំណាយថវិកាសរុបប្រមាណ 22,486,179 ដុល្លារ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយប្រើរយៈពេលសាងសង់ 36ខែ ដែលគ្រងនឹងបញ្ចប់នៅខែសីហាឆ្នាំ 2024។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ មានសមត្ថភាពអាចចម្រោះបានចំនួន 3500 ម3 ក្នុងមួយថ្ងៃ សាងសង់លើផ្ទៃដីប្រមាណ 24 ហិចតា ដែលក្នុងនោះរួមមានអាគារចំនួន 04 (អាគាររដ្ឋបាល រោងជាង រោងម៉ាស៊ីនភ្លើង និងអាគារសន្តិសុខ) ស្ថិតនៅក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។ ការសាងសង់ប្រព័ន្ធដាច់ដោយឡែកសម្រាប់តំបន់សេវាកម្ម ភាគពាយព្យនៃស្ទឹងសិរីសោភ័ណ ដែលមានបំពង់បង្ហូរប្រវែង 110 គីឡូម៉ែត្រ និងស្ថានីយបូមមេ 1កន្លែង និងស្ថានីយបូមតូចចំនួន 3 កន្លែង។ គម្រោងនេះនឹងធ្វើការសាងសង់ផ្លូវចូលទៅកាន់ស្ថានីយប្រព្រឹត្តកម្មដែលមានប្រវែង 2600 ម៉ែត្រ និងបណ្ដាញលូបង្ហូរទឹកភ្លៀងប្រវែង 6885 ម៉ែត្រ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា បរិស្ថាននៃការរស់នៅពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារជាចាំបាច់នូវការរៀបចំយកចិត្តទុកដាក់ ប្រកបដោយសោភ័ណភាព ផាសុខភាព ព្រោះវាជាប្រភពផ្ដល់សុខភាពល្អដល់យើង “សុខភាពជាទ្រព្យសម្បត្តិទីមួយមុននឹងយើងអាចទៅរកទ្រព្យសម្បត្តិដទៃទៀតបាន”។ ជាពិសេសការរៀបចំបរិស្ថាន សោភ័ណភាពក្នុងទីប្រជុំជនគឺជាចំណុចអាទិភាព ទីក្រុងស្អាត ទាក់ទាញភ្ញៀវទេសចរ។ សូមសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរជំនាញទាំងអស់ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងការអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន 2 ខេត្តបន្ទាយមានជ័យ។ សូមគោរពថ្លែងអំណរគុណ ចំពោះមន្ទីរពាក់ព័ន្ធនានា ពិសេស មន្ទីរសាធារណការនិងដឹកជញ្ជូន រួមជាមួយអាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ និងភូមិដែលមានចូលរួមសហការជាមួយ ក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូន ទីប្រឹក្សាបច្ចេកទេស ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនសាងសង់ដែលបានរួមគ្នាអនុវត្តការងារនេះតាំងពីចាប់ផ្ដើម រហូតមកដល់ពេលនេះ។ដោយ៖ឃិន គន្ធា