ចាប់ខ្លួនបុរសជាតិឡាវម្នាក់ ដកហូតគ្រឿងថ្នាំញៀនបានជិត ១០ គីឡូក្រាម នៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ការិយាល័យទី៩ នៃក្រសួងមហាផ្ទៃ បានសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង កម្លាំងនគរបាល BLO កម្លាំងនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល និងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ ៧០១ ប្រចាំព្រំដែនកម្ពុជា បានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់ និងដកហូតបានថ្នាំញៀន ចំនួន១០កញ្ចប់ មានទម្ងន់ប្រមាណ ១០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន កាលពីម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី១៣កុម្ភះឆ្នាំ២០២២២ នោះ បានដឹកនាំការបង្ក្រាប ដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពី លោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ ការបង្ក្រាបនោះ បានធ្វើឡើងនៅចំណុច ស្ពានទី ២ នៃច្រករបៀងព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

មន្ត្រីនៅក្នុងការបង្ក្រាបគ្រឿងញៀនឆ្លងដែននោះ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននៅក្នុងពេលនោះ ឈ្មោះ ភីម ម៉ាន់ចាន់កាន់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិឡាវ។ នៅក្នុងការបង្ក្រាបនេះផងទៀត សមត្ថកិច្ចរឹបអូសបានវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១០ កញ្ទប់ធំ មានទម្ងន់ស្មើ ៩ពាន់ ៨៦៦,៥៦ ក្រាម ស្មើនឹងជិត ១០គីឡូក្រាម។

ខណៈនេះ ជនសង្ស័យរួមទាំងវត្ថុតាងថ្នាំញៀន កំពុងស្ថិតក្រោមការសាកសួរ និងការរក្សាទុក ពីកម្លាំងនគរបាលជំនាញគ្រឿងញៀនខេត្តស្ទឹងត្រែង។ ជនសង្ស័យ និងវត្ថុតាងនឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្ត ក្រោយពីបញ្ចប់នូវកិច្ចនីតិវិធីសាកសួរ និងកសាងសំណុំរឿងរួច ៕