អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់ពលរដ្ឋឲ្យបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញបន្ថែមឲ្យបានគ្រប់គ្នា

ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការបន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ឲ្យបន្តទៅ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញបន្ថែមទៀត ឲ្យបានគ្រប់ៗគ្នា ហេីយត្រូវបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ដើម្បីចៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ជាពិសេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈកម្ពុជាទើបរកឃើញវីរុសបំប្លែងថ្មីអូមីក្រុង ឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់។ ការ ថ្លែង បែប នេះ ក្នុង ឱកាស សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលតះហ្វីសហ៊្សលគូរអាន់នូរ និងសាលាបឋមសិក្សារអាននូរ ស្ថិតក្នុងភូមិតាប៉ាវបំពេញទេស ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ទីប្រឹក្សារាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ផងដែរ ។

ក្នុង ឱកាស នោះ ដែរ ជាម ច័ន្ទសោភ័ណ បានលើកឡើងទៀតថា ដោយសារមានសុខសន្តិភាព ទើបយើងមានអ្វីៗគ្រប់យ៉ាងមកដល់ពេលនេះ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយសេចក្ដីសុខជាមួយគ្នារហូតមកដល់បច្ចុប្បន្ននេះ មូលហេតុចម្បងនោះគឺ ពលរដ្ឋកម្ពុជាចេះរគោរពស្រលាញ់គ្នាទៅវិញទៅមកគ្រប់ជំនឿសាសនា។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់សិស្សានុសិស្សខិតខំរៀនសូត្រ ទាំងចំណេះដឹងទូទៅ វិជ្ជាជីវៈ ជំនាញកុំព្យូទ័រជាពិសេសផ្នែកពលករជំនាញនានាឲ្យបានច្រើន ដើម្បីទទួលបាននូវជំនាញពិតៗ សម្រាប់អានាគតខ្លួននិងសង្គមជាតិយើងឲ្យបានរីកចម្រើនទៅមុខបន្តទៀត។

ជាមួយគ្នា នោះ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានធ្វើការចែកកង់ជូនសិស្សានុសិស្ស ប្រគល់អណ្ដូងទឹក អំពូលសូឡា គម្ពីរអាល់គួរអាន និងចុះហត្ថលេខាលើសៀវភៅក្រាំងមាសផងដែរ ៕