ប្រជាពលរដ្ឋនៅឃុំសាលាវិស័យបានពង្រីកមុខរបរបន្ថែមទៀតគឺដាំដំណាំឪឡឹកដើម្បីដោះស្រាយជីវភាពគ្រួសារ

ខេត្តកំពង់ធំ ៖បន្ទាប់ពីរដូវច្រូតកាត់រួចប្រជាពលរដ្ឋស្ទើរតែ៧០% រស់នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រកបរបរដាំដំណាំផ្សេងៗ ជាពិសេសដំណាំឪឡឹកដើម្បីគួបផ្សំក្នុងការដោះស្រាយជីវភាពរបស់ពួកគាត់។

ប្រជាពលរដ្ឋដែលដាំដំណាំឪឡឹកជាប្រចាំនៅភូមិត្រពាំងក្រោល បានរៀបរាប់ឲ្យដឹងថា បន្ទាប់ពីរដូវច្រូតកាត់រួច មុនចូលឆ្នាំខ្មែរ ពួកគាត់តែងតែភ្ជួរផ្អាប់ដីទុកសម្រាប់ដាំដំណាំឪឡឹកមិនដែលអាក់ខានម្តងណាឡើយ ។ ពួកគាត់បន្តទៀតថាក្នុងការដាំដំណាំឪឡឹកនេះ យ៉ាងយូររយៈពេល ២ខែ គឺទទួលបានផល។ ហើយពេលទទួលផលភាគច្រើនពួកគាត់បានម៉ៅលក់ឱ្យឈ្មួញខ្លះ និងខ្លះទៀតទុកលក់ខ្លួនឯងនៅខាងមុខផ្ទះ លើកំណាត់ផ្លូវ៦២ ស្ថិតនៅភូមិត្រពាំងក្រោលនិង ភូមិបុស្សវែងជាដើម។
ម្យ៉ាងវិញទៀតដំណាំឪឡឹករបស់ពួកគាត់គឺប្រើជីធម្មជាតិសុទ្ធសាធដូចជាជីលាមកគោ ឬ ជីកំប៉ុសជាដើម(ជីផលិតពីដើមកន្ទ្រាំងខែត) ជាហេតុធ្វើឲ្យផ្លែឪឡឹកស្រួយ ឈ្ងុយឆ្ងាញ់និងផ្អែមទៀតផង។ ដោយឡែកគ្រាប់ពូជវិញគឺពួកគាត់ ទិញក្នុងតម្លៃ១គីឡូក្រាម៧០ម៉ឺនរៀល ខ្លះ១គីឡូក្រាមតម្លៃ១លានរៀល តាមប្រភេទគ្រាប់ពូជនៃដំណាំឪឡឹកនេះ។

លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សានិងជាមេឃុំ សាលាវិស័យ បានប្រាប់ឱ្យដឹងដែរថា ឃុំសាលាវិស័យជាឃុំមួយដែលសម្បូរ ទៅដោយកសិករប្រកបរបរចិញ្ចឹមជីវិតពឹងផ្អែកទៅលើការដាំដំណាំកសិកម្ម និងចិញ្ចឹមសត្វ។

ដោយឡែកដំណាំឪឡឹកគឺជាដំណាំ(ដូនតា) ភាគច្រើនដាំនៅតំបន់ក្នុងភូមិ ឬ ដីក្រោយផ្ទះរបស់ពួកគាត់តែម្ដង ហើយក៏ជាដំណាំទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារខ្ពស់ផងដែរសម្រាប់ពួកគាត់។ លោកមេឃុំបន្តទៀតថាភូមិដែលដាំដំណាំឪឡឹកក្នុងឃុំសាលាវិស័យ មានដូចជា ភូមិត្រពាំងក្រោល ភូមិបុស្សវែង ភូមិខ្មាក់ ភូមិឬស្សីដួច ភូមិវាលល្ពាក់ ភូមិសាលាវិស័យ ភូមិគគីរ និងភូមិត្រពាំងផ្តៀក ។ល។

ជាមួយគ្នានេះលោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំ និង ជាមេឃុំ សាលាវិស័យ សូមអំពាវនាវ ដល់ក្រសួងពាក់ព័ន្ធ ឲ្យជួយផ្ដល់បច្ចេកទេសកាន់តែល្អបន្ថែមទៀត ដើម្បីឱ្យប្រជាកសិករនៅមូលដ្ឋានដាំដំណាំឪឡឹកនេះ កាន់តែបានទិន្នផលខ្ពស់ និងមានសុវត្ថិភាព សុខភាព ចំពោះពលរដ្ឋទូទៅដែលនិយមទទួលទានដំណាំឪឡឹកនេះ ជាការរួមចំណែកអភិវឌ្ឍសង្គមជាតិវិស័យកសិកម្ម លើកស្ទួយកម្ពស់ជីវភាពពលរដ្ឋខ្មែរផងដែរ។