ប្រទះឃើញសពកុមារីរងគ្រោះដែលបាត់ខ្លួនកប់ក្នុងដីសមត្ថកិច្ចដាក់ការសង្ស័យជាករណីរំលោភសម្លាប់

បន្ទាយមានជ័យ៖ ក្មេងស្រីជាសិស្សសាលា អាយុ៧ឆ្នាំម្នាក់ ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ដែលមានគេសម្លាប់យកមកកប់ចោលក្នុងដី នៅវេលាម៉ោង ០៩ និង២០នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅក្បែរសាលារៀនប្រមាណ៣០០ម៉ែត្រ ស្ថិតភូមិទំនប់ក៥ សង្កាត់.ក្រុងប៉ោយប៉ែត ដោយសមត្ថកិច្ចដាក់ការសង្ស័យថា អាចជាករណីឃាតកម្មរំលោភសំលាប់។

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា នៅវេលាម៉ោង១២រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ គ្រួសារឪពុកម្តាយ និងសាច់ញាតិក្មេងស្រីរងគ្រោះ មិនឃើញកូនមកដល់ផ្ទះ ទើបទៅសាលារៀនបឋមសិក្សាទំនប់ ក៥ ចម្ងាយពីផ្ទៈប្រមាណ២០០ម៉ែត្រ បានទៅសួរនៅសាលា តែលោកគ្រូអ្នកគ្រូប្អូនរៀនប្រាប់ថា មិនបានឃើញមករៀនទេ ហើយត្រឡប់ទៅវិញតាមផ្លូវបានប្រទះឃើញកាបូបកូននៅក្បែរមាត់ផ្លូវ មិនឃើញកូនទើបទៅប្តឹងប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត។

លោកបន្តថា ក្រោយទទួលបណ្តឹងពីសាច់ញាតិក្មេងរងគ្រោះកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងសាច់ញាតិរងគ្រោះបានជូនដំណឹងតាមបណ្តាញសង្គម ហើយកម្លាំងជួយអន្តរាគមន៍រុករករហូតដល់ម៉ោង ០៩ និង២២នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ទើបបានប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ ត្រូវបានគេយកកប់ចោលក្បែររបងថ្មយកដីគប់ និងថ្មសង្កត់ពីលើដែលមានពាក់អាវសិស្សសាលា និងខោខ្លីធ្លាក់នៅត្រឹមកែងជើងអាក្រាតកាយ។

លោកបានបញ្ជាក់ថា៖ ក្រោយរកឃើញសាកសពក្មេងស្រីរងគ្រោះ កម្លាំងជំនាញបានចុះពិនិត្យធ្វើកោសល្យវិច័យទាំងយប់នៅកន្លែងកើតហេតុ។ ក្រោយធ្វើកោសល្យវិច័យរួចរាល់សមត្ថកិច្ចជំនាញដាក់ការសង្ស័យថានេះជាករណីឃាតកម្ម រំលលោភសំលាប់ នៅពេលក្មេងស្រីរងគ្រោះទៅសាលារៀនម្នាក់ឯង។ ខណៈបច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងដុតដៃដុតជើង បើកការស្រាវជ្រាវរកចាប់ខ្លួនឃាតករដែលរំលោភសំលាប់ដើម្បីចាត់កាត់ការតាមច្បាប់៕