អាជ្ញាធរស្រុករលាប្អៀរ និងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងឃាត់រថយន្តដឹកលៀសចំនួន២គ្រឿងប្រគល់ជូនមន្ត្រី ជំនាញដើម្បីចាត់ការតាមនីតិវិធី

ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចម្រុះ ដឹកនាំដោយអភិបាលស្ដីទីស្រុករលាប្អៀរនៅវេលាម៉ោង ៨និង ៣០ នាទីយប់ថ្ងៃទី១៣ឆា ខែមីនា ឆ្នាំ ២០២២ បានចុះបង្ក្រាប និងចាប់ឃាត់រថយន្តធុនធ្ងន់ចំនួន ២ គ្រឿងដែលដឹកលៀសដោយខុសច្បាប់នៅចំណុចភូមិថ្នល់តាសែង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

លោក សេង វិចិត្រ អភិបាលស្តីទីស្រុករលាប្អៀរ បានឱ្យដឹងថា៖ ការចាប់ឃាត់រថយន្តដឹកលៀសទាំង២គ្រឿងនេះ គឺតាមបញ្ជាផ្ទាល់ពី ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថ ស្រុករលាប្អៀរ ដោយបានឃាត់រថយន្តដឹកលៀសដោយខុសច្បាប់ នៅចំណុចថ្នល់តាសែង មានចំនួន២គ្រឿង មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3F 17.85 និងមួយគ្រឿងទៀត ពាក់ស្លាកលេខកំពង់ឆ្នាំង 3A 16.45 ដែលមានដឹកលៀសពេញរថយន្ត ប្រមាណមួយគ្រឿង ៤០តោន ។ក្រោយការឃាត់ក៏បានសហការ ផ្ដល់ឱ្យទៅមន្ត្រីជំនាញជលផល ដើម្បីចាត់ការតាមនិតិវិធី។

លោក លី ឡា ប្រធានរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ បានប្រាប់ឲ្យដឹងថា៖ សមត្ថកិច្ចជំនាញ បានទទួលរថយន្តលៀស ២គ្រឿងពីសមត្ថកិច្ចចម្រុះ និងជំនាញជលផល កាលពីយប់ថ្ងៃទី ១៣
មិនា ហើយមកដល់ព្រឹកនេះ រថយន្តមួយគ្រឿងក្នុងចំណោម ២ គ្រឿង បានព្រមបង់ផាកពិន័យអន្តរកាល តែមួយគ្រឿងទៀតមិនទាន់ព្រមបង់នៅឡើយ។

លោកបានបញ្ជាក់ថា៖ បើសិនជារថយន្តណាមួយមិនព្រមបង់វិន័យអន្តកាល តាមច្បាប់ស្តីពីជលផល ទេនោះ នឹងបន្តនីតិវិធីបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ៕
សុខ គឹមសៀន