កសិករឃុំព្រៃគ្រី ស្រុកជលគីរី ត្អូញត្អែ ពីជី និងប្រេងឡើងថ្លៃ តែតម្លៃស្រូវទីផ្សារចុះបានថោក

ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋរស់នៅឃុំព្រៃគ្រី ស្រុកជលគីរីបានត្អូញត្អែ ពីបញ្ហាឆ្នាំនេះ ទិន្នផលស្រូវបានតិចតម្លៃស្រូវចុះថោក ផ្ទុយទៅវិញព្រេង និងជី សម្រាប់ប្រើប្រាស់ក្នុងការធ្វើស្រែ បែជាឡើងថ្លៃទៅវិញ ដែលធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់ ។

បុរសឈ្មោះ យ៉ាន យ៉ាត អាយុ៤៥ ឆ្នាំ មានទីលំនៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី បានប្រាប់ភ្នាក់ងារយើង ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២នេះថា៖ ទិន្នផលស្រូវរបស់គាត់ឆ្នាំនេះបានតិចជាងឆ្នាំទៅមិញ ១ហិកតាបានគឺបានត្រឹមតែ ៦០បាវ តែប៉ុណ្ណោះ ខុសឆ្នាំមុន បានដល់ជាង៨០ប៉ាវ ។នេះក៍ដោយ សារតែពួកគាត់ មិនបានភ្ជួរដាស់ដី អោយបានត្រឹមត្រូវពីដើមដៃ។ ផ្ទុយទៅវិញ បានស្រូវតិចហើយ គឺលក់បានថោកទៀត។បច្ចុប្បន្នបានថ្លៃត្រឹមតែពី ៧០០ទៅ ៨០០រៀលក្នុង១ គីឡូក្រាម ដែលខុសពីឆ្នាំទៅ១គីឡូក្រាម ថ្លៃពី៩០០ទៅ១០០០ រៀល ក្នុង១គីឡូក្រាម ។ ចំណែកស្ត្រីឈ្មោះ មាន ស្រីអូន អាយុ៣៧ឆ្នាំមានទីលំនៅជាមួយបុរសខាងលើ ក៏បាននិយាយដែរថា៖ ឆ្នាំនេះ មូលហេតុទិន្នផលស្រូវរបស់គាត់បានថយចុះជាងឆ្នាំទៅមិញ ដោយសារតែគាត់កាត់បន្ថយការប្រើប្រាស់ជី ព្រោះមានតម្លៃថ្លៃពេក ហើយអ្នកភូមិខ្លះទៀតពេលជីឡើងថ្លៃ ក៍ងាកមកប្រើជីមានតម្លៃថោក ទើបគ្មានគុណភាព ។ ស្តី្ររូបនោះបានបញ្ជាក់ថា៖ ឆ្នាំនេះ ទិន្នផលស្រូវបានតិច តម្លៃស្រូវក៍ចុះថោក ចំណែកប្រេងវិញឡើងថ្លៃរហូត ។

កាលពីពេលមុន១កាន ចំណុះ៣០លីត្រថ្លៃ១២ម៉ឺនរៀល បច្ចុប្បន្នឡើងដល់១៦ម៉ឺនរៀល ពិតជាថ្លៃណាស់ ។កសិករធ្វើស្រូវប្រាំងឆ្នាំនេះ ខាតដើមហើយ នេះនៅមិនទាន់គិតដល់ថ្លៃច្រូតផង ដែលថ្លៃច្រូត១ហិកតាគេយកពី៣៥ទៅ៣៨ម៉ឺនរៀលតាមស្ថានភាព

ស្រូវច្រូតស្រួលឬលំបាក (ស្រូវដេកឬស្រូវឈរ) ប៉ុន្តែពួកគាត់ជាកសិករ បើធ្វើស្រូវខាត១ឆ្នាំ ឆ្នាំក្រោយក៍នៅធ្វើទៀត ព្រោះគ្មានមុខរបរក្រៅពីធ្វើស្រែចំការ ។

ទោះយ៉ាងនេះក្តី លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅរសៀលថ្ងៃទី១៥ ខែមីនានេះថា៖ ចំពោះតម្លៃស្រូវឆ្នាំនេះថេរល្អណាស់ មិនឡើងមិនចុះទេ ។

តម្លៃស្រូវទីផ្សារចុងដៃ គឺពិតជាធ្លាក់ត្រឹម ៨០០ រៀលក្នុង១គីឡូក្រាមបែបនេះហើយ ឆ្នាំទៅក៍ដូចគ្នាដែរ ប៉ុន្តែតម្លៃស្រូវសម្រាប់អ្នកច្រូតពីដើមដៃវិញថ្លៃពី ១ពាន់ទៅ១ពាន់២រយ រៀលក្នុង១គីឡូក្រាម។ ដោយឡែកចំពោះទិន្នផលដែលថយចុះ

គឺពិតដូចដែលប្រជាពលរដ្ឋថាមែនខ្លះមិនបានភ្ជួរដាស់ដីពីដើមដៃ ចំណែកខ្លះទៀតបាន ក៏មិនបានប្រើជីឱ្យបានត្រឹមត្រូវ ប៉ុន្តែបើសម្រាប់ទូទាំងខេត្តកំពង់ឆ្នាំងវិញ ស្រូវឆ្នាំនេះគឺបានល្អ ទិន្នផល ខ្ពស់ជាងឆ្នាំទៅម៉ិញ៕សុខ គឹមសៀន