ប្រតិភូខេត្តឡុងអានប្រទេសវៀតណាម អញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល

0

ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបជាមួយគណៈប្រតិភូខេត្តឡុងអាន ដឹកនាំដោយឯកឧត្ដម ផាម តឹនហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន និងជាប្រធានគណៈបញ្ជាការ៥១៥ខេត្តឡុងអាន ដែលអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល គ.ស.២០២២ និងសួរសុខទុក្ខក្រុមការងារអនុវត្តភារកិច្ចសហប្រតិបត្តិការរុករក គាស់ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនវៀតណាម ដែលបានពលីនាសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដែលក្រុមការងារសហការ នៃខេត្តទាំងពីរ (ស្វាយរៀង-ឡុងអាន) កំពុងរួមគ្នាអនុវត្តក្នុងដំណាក់កាលទី២១ (រដូវប្រាំង ២០២១-២០២២) ។
អញ្ជើញចូលរួមក្នុងពិធីនេះ មានឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងឯកឧត្ដម លោក លោកស្រីជាក្រុមការងារសហការរបស់ខេត្តទាំងពីរ ។
ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអរគុណ និងស្វាគមន៍ប្រកបដោយភាតរភាព និងស្និទ្ធស្នាលបំផុតជាមួយគណៈប្រតិភូខេត្តឡុងអាន និងបានគូសបញ្ជាក់ថា កន្លងមកនេះ ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ បានធ្វើឲ្យសកម្មភាពការងាររុករក គាស់ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនវៀតណាមក្នុងភូមិសាស្ត្រខេត្តស្វាយរៀង មានការខកខានមួយដំណាក់កាល គឺដំណាក់កាលទី២០ នារដូវប្រាំង ២០២០-២០២១ ប៉ុន្តែ នារយៈកាលចុងក្រោយនេះ អាស្រ័យដោយស្ថានភាពធូរស្រាលនៃជំងឺកូវីដ-១៩ គួបផ្សំជាមួយនឹងការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅក្នុងប្រទេសទាំងពីរ ក្រុមការងារសហការរបស់ខេត្តទាំងពីរ ក៏បានចាប់ផ្ដើមដំណើរការឡើងវិញ តាមរយៈការចុះកំណត់ហេតុរួមគ្នាកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលឯកឧត្ដមសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះ ក្រុមការងារពាក់ព័ន្ធទាំងអស់ បើទោះបីជាមិនបានជួបប្រាស្រ័យគ្នាដោយផ្ទាល់ ប៉ុន្តែក៏បានខិតខំរួមគ្នាធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ ពីចម្ងាយតាមប្រព័ន្ធអនឡាញ រហូតសម្រេចបាននូវកំណត់ហេតុកិច្ចព្រមព្រៀងនេះ ។ ជាមួយនេះ ជំនួសមុខឲ្យគណៈកម្មការការងារជំនាញខេត្តស្វាយរៀង ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តស្វាយរៀង នៅតែបន្តការគាំទ្រ និងផ្ដល់នូវកិច្ចសហការជានិច្ចដល់ដំណើរការស្វែងរកអដ្ឋិធាតុ នៅដំណាក់កាលនេះ និងដំណាក់កាលបន្តបន្ទាប់ទៀត រហូតដល់អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមទាំងអស់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅស្រុកកំណើតវិញ ។
ជាចុងបញ្ចប់ ថ្នាក់ដឹកនាំខេត្តទាំងពីរបានជូនពរនៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល គ.ស.២០២២ និងផ្លាស់ប្ដូរកាដូអនុស្សាវរីយ៍គ្នាទៅវិញទៅមកប្រកបដោយក្ដីសោមនស្សរីករាយបំផុត ៕គឹ​មសេង