ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចុះពិនិត្យសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង

0

កំពង់ធំ÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រុមការងារបេសកកម្មADB បានចុះត្រួតពិនិត្យលទ្ធផលសហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ក្នុងការងារកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដឹកនាំ សម្របសម្រួលអនុវត្តកម្មវិធី ដោយអង្គភាពគ្រប់គ្រង និងសម្របសម្រួលការអនុវត្តកម្មវិធី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដែលមានអង្គភាពអនុវត្តកម្មវិធី ថ្នាក់ជាតិចំនួន ៣ក្រសួង គឺ ១.ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ ២.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ៣.ក្រសួងធនធានទឹក និងឧតុនិយម។ អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តមានចំនួន ៣ខេត្ត គឺៈ ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងខេត្តព្រៃវែង ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីចុះត្រួតពិនិត្យលទ្ធផលការងារ ឱ្យមានប្រសិទ្ធភាពគឺ ពិនិត្យប្រឡាយតាំងក្រសាំង ជាប្រព័ន្ធធារាសាស្ត្របម្រើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើស្រែបានគ្រប់រដូវ។ ពិនិត្យពិភពតំរងទឹកភ្លៀង ជាម៉ាស៊ីនស្វ័យប្រវត្តិសម្រាប់ធ្វើការវាស់វែងទិន្នន័យទឹកភ្លៀង ដើម្បីគាំទ្រធានារ៉ាប់រងស្រូវ និងសន្ទស្សន៍ទឹកភ្លៀង ជួបជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីឱ្យអ្នកទិញប័ណ្ណ និងបានទទួលសំណងធានារ៉ាប់រងដំណាំស្រូវ ។ ពិនិត្យលទ្ធផល និងប្រតិបត្តិការឡសម្ងួត និងឃ្លាំងស្តុកស្រូវនៅរោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ស្រុកស្ទោង ។

ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្រុមការងារបេសកកម្មADB និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចុះត្រួតពិនិត្យជាប្រចាំ ប្រព័ន្ធធារាសាស្ត្រគ្រប់ទីកន្លែងដែលស្ថិតនៅក្នុងស្រុកសន្ទុកយើងនេះ គឺដើម្បីឱ្យមានដំណើរការល្អ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើស្រែឲ្យបានគ្រប់រដូវ។