កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅ

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ នៅសាលប្រជុំនន្ទី អគារ(ខ) សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ-ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ នារយះពេលកន្លងមកបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរសម្រេចបាននូវលទ្ធផលល្អជាច្រើនទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២២កន្លងទៅ និងការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ជាដើម។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២.មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសុខាភិបាលខេត្តត្រូវសហការជម្រុញដល់សិស្សានុសិស្សតាមសាលារៀនទាំងអស់ត្រូវទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ឱ្យបានគ្រប់ៗគ្នា។
៣.អាជ្ញាធរក្រុង ស្រុក ត្រូវធ្វើផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសជម្រុញ ដូសទី៣ ឬដូសទី៤ ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។
៤. គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឫគ្រោះថ្នាក់សង្គមផ្សេងៗដែលកើតមានឡើង និងបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាគ្រោះអគ្គីភ័យដែលបង្ករឡើងដោយភ្លើងអគ្គិសនី ភ្លើងទាន ធូប ..ល.។
៥.អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តការបង្ក្រាបបទល្មើសគ្រឿងញៀនដូចជាការជួញដូរ និងចែកចាយជាដើម។
៦.កម្លាំងមានសមត្ថកិច្ចជាពិសេសគោលដៅចរាចរណ៍ផ្លូវគោកត្រូវធ្វើការរឹតបន្តឹង និងត្រួតពិនិត្យរកសាធាតុញៀនទៅលើអ្នកបើបររថយន្តធុនធំគ្រប់ប្រភេទ។
៧. អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំជម្រុញដល់កិច្ចការងារក្នុងការកំណត់ផ្ទៃច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹកក្នុងខេត្ត ទៅតាមជំហាននីមួយៗ ដើម្បីឈានទៅសម្រេចលទ្ធផល និងធ្វើការស្តាផ្លូវទឹកឡើងវិញទុកសម្រាប់កូនចៅជំនាន់ក្រោយ៕គឹមសេង